មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតបានរងរបួសធ្ងន់

(កំពង់ឆ្នាំង)៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតបានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និង ម៉ូតូ ដែលបើកបញ្ច្រាសទិសគ្នា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ នេះបានកើតឡើងនៅវេលាម៉ោង៦ និង២២នាទីព្រលប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនៅលើកំណាត់ផ្លូវកៅស៊ូលេខ១៥៥ នៅត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦និង៧ ស្ថិតនៅក្នុងភូមិអូរថ្កូវ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចនគរបាលផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីម្នាក់ ឈ្មោះ ហ៊ឹម សោភា អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ធ្វើដំណើរដោយម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់1D -8643 ក្នុងទិសដៅពីជើងទៅទិសខាងត្បូង។

លុះមកដល់កន្លែងកើតហេតុ បានរេទៅខាងឆ្វេង ហើយបានជ្រុលទៅបុកជាមួយអ្នកជិះម៉ូតូផ្សេងទៀត ដោយបញ្ច្រាសទិសគ្នាបណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតបានរបួសធ្ងន់ ។

ប្រភពពីនគរបាលក្រុងដដែល បានឱ្យដឹងទៀតថា បុរសដែលស្លាប់នៅនឹងកន្លែង មានឈ្មោះ ហួន ណៈ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្ន រស់នៅភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ធ្វើដំណើរដោយម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់1H-9229 ធ្វើចរាចរណ៍ក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង ។

សពត្រូវបានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

ដោយឡែកវត្ថុតាងម៉ូតូទាំង២គ្រឿង  ត្រូវសមត្ថកិច្ចនាំយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីរង់ចាំបន្តនីតិវិធីផងដែត ៕

អត្ថបទដែលជាប់ទាក់ទង