ក្រសួងសុខាភិបាល ប្រកាសថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីម្នាក់ ជាអង្គរក្សការពារផ្ទាល់ ជូនគណប្រតិភូហុងគ្រី
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី១នាក់ និងមិនមានអ្នកជាសះស្បើយនោះទេ។
សូមបញ្ជាក់ផងដែរថា ករណីវិជ្ជមានថ្មីខាងលើ គឺជាបុរសជនជាតិខ្មែរអាយុ ៣១ ឆ្នាំ ដែលគាត់ជាអង្គរក្សការពារផ្ទាល់ជូនគណប្រតិភូហុងគ្រី មានអាស័យដ្ឋាននៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា ដោយសារគាត់មានរោគសញ្ញាគួរឲ្យសង្ស័យ ដូចជាមាន រមាស់បំពង់ក និងក្អក។
ជាមួយគ្នានោះ ក្រសួងសុខាភិបាល បានយកវត្ថុសំណាករបស់បុរសខាងលើទៅពិនិត្យជាលើកទីពីរ ហើយលទ្ធផលដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជារាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ។
បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវី១៩សរុប ២៩៥ករណី ក្នុងនោះអ្នកជំងឺ២៨៨ បានជាសះស្បើយ ។
ដោយឡែកអ្នកជំងឺ ដែលនៅសល់ កំពុងដាក់ឲ្យសម្រាកព្យាបាលនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕