លោក ញ៉ែម សុគន្ធ និង សឿ សុធារ៉ា ទទួលបានឱកាសបង្ហាញសមត្ថភាពរួមគ្នាជាថ្មីម្ដងទៀតហើយ ក្រោយពីអាក់ខានសម្ដែងរួមគ្នាមកជាយូរ

តារាសម្ដែងស្រស់សង្ហានិងស្រស់សោភាល្បីឈ្មោះជាងម្ភៃឆ្នាំលោក ញ៉ែម សុគន្ធ និង សឿ សុធារ៉ា ទទួលបានឱកាសបង្ហាញសមត្ថភាពរួមគ្នាជាថ្មីម្ដងទៀតហើយ ក្រោយពីអាក់ខានសម្ដែងរួមគ្នាមកជាយូរ នោះគឺជាការក្លាយជាតួអង្គសម្ដែងរួមគ្នាឱ្យស្ថានីយ៍ទូរទស្សន៍ហង្សមាស។

យោងតាមការបញ្ជាក់របស់លោក កៅ សីហា អ្នកដឹកនាំរឿងក្នុងផលិតកម្មយក្សលំដាប់ប្រទេសមួយនេះបានបង្ហាញពីក្ដីរំភើបនិងរំពឹងខ្ពស់សំដៅដល់កំពូលតារាសម្ដែងទាំងពីរដួងឱ្យដឹងថា៖ “ដៃគូជើងចាស់ដែលធ្លាប់ល្បីល្បាញកាលពី ១៧ ឆ្នាំមុន ឥឡូវកំពូលតារាទាំងពីរដួងបានវិលមកចាប់គូគ្នាជាថ្មី ក្រោមសមិទ្ឋិផលដ៏ថ្មីសន្លាងមួយដែលជាចំណីចក្ខុប្លែកអារម្មណ៍ធានាថាជាស្នាដៃតែមួយគ្មានពីរនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV នាពេលអនាគតដ៏ខ្លីខាងមុខក្រោមស្នាដៃរបស់អ្នកដឹកនាំរឿងរាជិនីភូមិគ្រឹះ!”។

ក្រោយពីទម្លាយឱ្យដឹងពីការចាប់ដៃគូសម្ដែងរួមគ្នាជាថ្មីរួចមក ឃើញថា អ្នកទាំងពីរនៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីមហាជន ព្រោះដ្បិតថាគ្រាដែលសម្ដែងរឿងភាគ “ស្នាមស្នេហ៍សមុទ្ទរាម” វគ្គមួយ រួមគ្នាកាលពី ១៧ ឆ្នាំមុននោះអ្នកទាំងពីរមានភាពល្បីល្បាញរង្គើផ្ទៃប្រទេសម្ដងរួចទៅហើយ។ គួរបញ្ជាក់ឱ្យដឹងថា ការក្លាយជាតួអង្គសម្ដែងសំខាន់ឱ្យស្ថានីយ៍ទូរស្សន៍ហង្សមាសនេះគឺក្នុងអំឡុងពេលដែលអ្នកទាំងពីរបូតតំណែងពីការថតរឿងភាគស្នាមស្នេហ៍សមុទ្ទរាម វគ្គពីរ ដែលជាការនិពន្ធនិងដឹកនាំសម្ដែងដោយលោកស្រី ពាន់ ភួងបុផ្ផា ផ្ទាល់ ក្នុងមូលហេតុថាអ្នកទាំងពីរមានអាយុជ្រេបន្ដិចទៅហើយ មិនអាចមកសម្ដែងជាគូស្នេហ៍យុវវ័យដូចមុនឡើយ៕

អត្ថបទដែលជាប់ទាក់ទង