មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ចុះឆ្មក់ពិនិត្យទីតាំងខារ៉ាអូខេ និងក្លិបកំសាន្តនានា នៅក្រុងបាត់ដំបងដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-19

(បាត់ដំបង)៖ ក្រុមការងារអធិការកិច្ចនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង នាយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចុះសហការជាមួយអាជ្ញាធរក្រុងបាត់ដំបង ឆ្មក់ពិនិត្យទៅលើទីតាំងភោជនីយដ្ឋានបង្កប់ខារ៉ាអូខេ និងក្លឹបកំសាន្តនានាជាង១០កន្លែងនៅកណ្តាលក្រុងបាត់ដំបង ដើម្បីរួមចំណែកការពារ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-19។

លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ប្រាប់ឲ្យដឹងថា ក្រោយពីឆ្មក់ពិនិត្យយ៉ាងយកចិត្តទុកដាក់ពីក្រុមការងារជំនាញជាលទ្ធផល ទីតាំងអាជីវកម្មទាំងអស់នោះ មិនមានការបើកច្រៀង ឬប្រមូលផ្តុំ ផឹកស៊ីអ្វីនោះទេ ដោយសារពួកគាត់មានការយល់ដឹង និងគោរពទៅតាមការណែនាំរបស់មន្ទីរដែលបានចុះធ្វើការណែនាំជាបន្តបន្ទាប់រយះពេលកន្លងមក។

ហើយជាការហូបចុកនេះដែរ តាមការត្រួតពិនិត្យជាក់ស្តែង យើងឃើញថា បុគ្គលិកដែលបំរើការនៅតាមភោជនីយដ្ឋាននានាគឺពួកគាត់មានការ ពាក់ម៉ាស់ មានអ្នកចាំបាញ់អាល់កុល វាស់កម្តៅ និងគម្លាតសុវត្ថិភាព ពិសេសបានបិតស្លាកសញ្ញាផ្សព្វផ្សាយពីកូវីដ -១៩ព្រមទាំងបានកត់ត្រាឈ្មោះ និងវាស់កម្តៅ បុគ្គលិករាល់ម៉ោងចេញចូលផងដែរ។

បន្ថែមពីនេះលោកប្រធានមន្ទីរទេសចរណ៍ខេត្តក៏បានអប់រំណែនាំបន្ថែមទៅដល់ម្ចាស់ ទីតាំងខារ៉ាអូខេ ក្លឹបកម្សាន្ត និងភោជនីយដ្ឋានទាំងអស់ត្រូវអនុវត្តគោរពតាមគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ដោយមិនអនុញ្ញាតអោយបើកដំណើរការខារ៉ាអូខេ ឬក្លិបកម្សាន្តនោះទេ ហើយក៏មិនត្រូវលួចបើកនៅពេលដែលក្រុមការងារបានចេញផុតនោះដែរ ក្នុងករណីដែលម្ចាស់អាជីវកម្មណាមួយអនុវត្តបំពានខុសពីកិច្ចសន្យាដែលបានធ្វើជាមួយមន្ទីរទេសចរណ៍ និងក្រុមការងារមន្ត្រីជំនាញនោះនឹងត្រូវអនុវត្តតាមច្បាប់ជាធរមាន ដូច្នេះសូមម្ចាស់អាជីវកម្មទាំងអស់ត្រូវចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ទាំងអស់គ្នា៕  

អត្ថបទដែលជាប់ទាក់ទង