ទីតាំងដំឡើងកែច្នៃរថយន្តចង្កូតស្ដាំអត់ពន្ធឈ្មោះ ជាង កាង ស្រុកបាទី ខេត្តតាកែវ កំពុងដំណើរការយ៉ាងរលូន

(តាកែវ)៖ ទីតាំងកែច្នៃដំឡើងរថយន្តរបស់ឈ្មោះ ជាង កាង កំពុងធ្វើសកម្មភាពដំឡើងកែច្នៃរថយន្តចង្កូតស្ដាំ ប្រភេទបែនដឹកដី ជាច្រើនគ្រឿងរាល់ថ្ងៃ ដោយមិនមានសមត្ថកិច្ចជំនាញថ្នាក់ណាម្នាក់មកហាមឃាត់បានឡើយ ពោលគឺដំណើរការដោយរលូន។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ រស់នៅក្បែរទីតាំងនោះបានឱ្យដឹងថា យានដ្ឋានកែច្នៃដំឡើងរថយន្តបែនដឹកដីអត់ពន្ធរបស់ឈ្មោះជាង កាងមានចំនួន២ទីតាំង ទី១-មានទីតាំងនៅខាងជើងផ្សារសំរោងយោងស្ថិតនៅចំណុចភូមិ ចក និងទី២-នៅខាងកើតផ្សារសំរោងយោងស្ថិរនៅចំណុចភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទីខេត្តតាកែវ។

ប្រភពបន្តថា សកម្មភាពកែច្នៃដំឡើងរថយន្តចង្កូតស្ដាំប្រភេទបែនដឹកដី ៥តោនi ,ម៉ាកនីសាន់ យូឌី ដោយដំឡើងរួច គេលក់ចេញក្នុងមួយគ្រឿងតម្លៃចាប់ ពី២៥០០០ ទៅ ៣ម៉ឺនដុល្លារឯណោះ។ រថយន្តទាំងអស់នោះសុទ្ធតែកែច្នៃដំឡើងខុសបច្ចេកទេស និងអត់បង់ពន្ធចូលថវិការដ្ឋឡើយ ដោយសង្ស័យថាអាចនឹងមានភ្លើងខៀវអំពីមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់អស់ហើយ បានជាដំណើរការយ៉ាងរលូនបែបនេះ។

ប្រជាពលរដ្ឋបានបន្តថា ម្ចាស់អាជីវកម្មកែច្នៃដំឡើងរថយន្តខាងលើនេះ គេដើរអួតអាងថា បានត្រូវគ្នាជាមួយអាជ្ញាធរជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់អស់ហើយ ដូច្នេះការធ្វើអាជីវកម្មនេះ មិនមានការព្រួយបារម្ភភ័យខ្លាចអ្វីឡើយ។ ម្យ៉ាងវិញទៀត គេបើគាត់អាងថាមានខ្សែបណ្ដាញអ្នកមានបុណ្យស័ក្កិធំៗ នៅពីក្រោយខ្នងទើបគេរកស៊ីបានយ៉ាងរលួនបែបនេះ។

សូមបញ្ជាក់ថា ការកែច្នៃដំឡើងរថយន្តចង្កូតស្ដាំប្រភេទបែនដឹកដីដោយមិនបង់ពន្ធ ហើយធ្វើខុសលក្ខណៈបច្ចេកទេសខាងលើនេះ ធ្វើឱ្យខាតបង់ចំណូលថវិការដ្ឋក្នុងមួយឆ្នាំៗរាប់លានដុល្លារឯណោះ ។ ម្យ៉ាងទៀតបង្កឱ្យកើតមាននៅគ្រោះថ្នាក់ចរាចរណ៍ ជាញឹកញាប់ជាមិនខានឡើយ។

ជាមួយគ្នានោះប្រជាពលរដ្ឋ បាននាំគ្នាសំណូមពរទៅដល់អាជ្ញាធរជំនាញពាក់ព័ន្ធទាំងអស់ ពិសេសមន្ត្រីសាធារណការនិងដឹកជញ្ជូនតែម្ដង មេត្តាចុះត្រួតពិនិត្យធ្វើការហាមឃាត់បិទអាជីវកម្មកែច្នៃខុសច្បាប់ខាងលើនេះផង ។ បើពុំដូច្នោះទេ ហានិភ័យនឹងកើតមានជាក់ជាមិនខានឡើយ។

សូមបញ្ជាក់ថា ការរកស៊ីកែច្នៃដំឡើងរថយន្តអត់ពន្ធ និងខុសលក្ខណៈបច្ចេកទេស សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ធ្លាប់បានមានប្រសាសន៍ក្រើនរំលឹកទៅដល់មន្ត្រីជំនាញក្រសួងសាធារណការការ និងដឹកជញ្ជូននិងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ឱ្យចាត់វិធានការទប់ស្កាត់ទៅលើបញ្ហានេះផងដែរ។

ពាក់ព័ន្ធនឹងការដំឡើងរថយន្តកែច្នៃអត់ច្បាប់របស់ឈ្មោះជាង កាងខាងលើ ក្រុមអ្នកយកព័ត៌មានមិនអាចសុំការបំភ្លឺអំពីលោកភួន ឈីន អភិបាលស្រុកបាទីតាមទូរស័ព្ទបានឡើយ ដោយលោកឆ្លើយថា «ទាល់តែទៅជួបនៅសាលាស្រុកផ្ទាល់ទើបអាចបំភ្លឺបាន»៕

អត្ថបទដែលជាប់ទាក់ទង