ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវចម្រុះដល់ប្រជាកសិករ ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់​ចំនួន៣ស្រុកក្រុង ក្នុងខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ) ៖ នៅព្រឹក ថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ ២០​២០ នៅ​ផ្សារធំថ្មីបូរីជ័យ២ ភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី  ប្រជាកសិករដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់​ចំនួន៣ ស្រុក ក្រុង មានក្រុង​សិរីសោភ័ណ ស្រុកមង្គល​បូរី និង​ស្រុក​ព្រះនេត្រព្រះ នា​ខេត្ត​បន្ទាយមានជ័យ បាន​ទទួល​ពូជស្រូវ​ចម្រុះ ពី​ឯកឧត្តម ហ៊ុន ម៉ា ណែត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងការអញ្ជើញចែកពូជស្រូវចម្រុះជូនប្រជាកសិករនោះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត តំណាង​សម្ដេច​តេជោ ហ៊ុន សែន ​មាន​ប្រសាសន៍ ផ្ដាំផ្ញើ​ការ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​តេជោ ហ៊ុន សែន ដែល​សម្ដេច​តែង​តែ​គិតគូរ​ពី​សុខទុក្ខ​ប្រជា​ពលរដ្ឋ​រងគ្រោះ ដោយ​សារ​ទឹក​ជំនន់ ដោយ​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់ អត់​អាហារ​ស្លាប់​ដោយ​ពុំ​បាន​ដឹង​ឮ​ពី​អាជ្ញាធរ​នោះ​ឡើយ។

ឯកឧត្តមបាន​លើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា បានខិតខំយ៉ាង​ប្ដូរផ្ដាច់ ដើម្បី​អនុវត្ត​យុទ្ធសាស្ត្រ​កំណែ​ទម្រង់​ស៊ីជម្រៅ និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ជា​ពិសេស​វិស័យ​កសិកម្ម​ឧស្សាហកម្ម ដែល​កំពុងតែដើរតួរនាទីយ៉ាងសំខាន់ ក្នុងការ​ជំរុញ​ការអភិវឌ្ឍសង្គម និង​សេដ្ឋកិច្ច​ជាតិ រក្សា​នៅ​សន្តិសុខ​ស្បៀង​អាហារ​ជូន​ប្រជាជន​កម្ពុជា នឹង កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ នៅ​ក្នុង​សមរភូមិ​សង្គ្រាម ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ-១៩ រួម​ទាំង​ដោះស្រាយ​បញ្ហា​ប្រឈម​ពី​គ្រោះទឹក​ជំនន់​ផងដែរ ។ ឯកឧត្តម ហ៊ុន ម៉ាណែត បាន​សំណូមពរ និង ណែនាំ​ប្រជាកសិករ​ទាំងអស់ សូម​យក​ពូជស្រូវ​ទាំងនេះ ទៅ​បង្ក​បង្កើន​ផល ក្នុង​ការ​ស្តារ ឡើងវិញ ​និង ​ត្រូវ​មាន​ការ​អធ្យាស្រ័យ​ឲ្យ​គ្នា ក្នុង​ការ​ចែករំលែក​ទឹក​ស្រោច​ស្រព ដំណាំស្រូវ​ ផង​ដែរ ៕      

អត្ថបទដែលជាប់ទាក់ទង