ចំណាត់ថ្នាក់ចុងក្រោយរបស់ Bloomberg បង្ហាញថា BLACKPINK ជាក្រុមចម្រៀងល្បីទី១ លើពិភពលោក

(បរទេស)៖ នេះជាលើកទីមួយហើយ ដែលក្រុមចម្រៀង K-POP នារី BLACKPINK បានឈរនៅលំដាប់កំពូល ក្នុងចំណាត់ថ្នាក់តារាល្បីរបស់សារព័ត៌មាន Bloomberg ខណៈចំណាត់ថ្នាក់នេះបានធ្វើឲ្យ BLACKPINK ក្លាយជាក្រុមចម្រៀងល្បីបំផុតលើពិភពលោក។ នេះបើតាមការដកស្រង់ការចេញផ្សាយ ពីសារព័ត៌មាន Straits Time នៅទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។

បន្ទាប់ពីក្រុម BLACKPINK ជាប់នៅចំណាត់ថ្នាក់ទី១ គឺមានក្រុមចម្រៀងរបស់កូរ៉េមួយទៀត ដែលមានឈ្មោះក្នុងចំណាក់ថ្នាក់នោះ ពោលគឺក្រុម BTS ឈរនៅលំដាប់ថ្នាក់ទី១០ ក្នុងចំណាក់ថ្នាក់ប្រចាំខែនេះ។ ទន្ទឹមគ្នានេះ តារាដែលឈរនៅលំដាប់ទី២ គឺតារាចម្រៀងរ៉េបអាមេរិក Cardi B និងតារាប្រុស Pop Smoke ខណៈលំដាប់ទី៣ គឺបានទៅលើ តារាចម្រៀងប្រុស Justin Bieber។

Bloomberg បានឲ្យដឹងថា ចំណាត់ថ្នាក់តារាលំដាប់កំពូលទាំងនេះ គឺត្រូវបានធ្វើឡើងដោយផ្អែកទៅលើលក្ខណៈវិនិច្ឆ័យមួយចំនួនរួមមាន ការលក់អាល់ប៊ុម, ការផ្សាយផ្ទាល់បទចម្រៀងឌីជីថល, ចំនួនអ្នកទស្សនាក្នុងយូធូប និងទិន្នន័យសរុបមួយចំនួនទៀតលើបណ្តាញសង្គម Instagram។

Bloomberg ក៏បានបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិក, ប្រេស៉ីល និងមិចស៉ីកូ គឺជាទីផ្សារដ៏ធំបំផុតទី៣ របស់ក្រុមចម្រៀងនារីកូរ៉េ BLACKPINK ក្នុងការផ្សព្វផ្សាយចម្រៀងថ្មីរបស់ពួកគេ មានចំណងជើងថា «Lovesick Girls»។

គួរជម្រាបថា សិល្បករកន្លងទៅ ដែលធ្លាប់ឈរនៅលំដាប់កំពូលរបស់តារាចំណាក់ថ្នាក់ នៃសារព័ត៌មាន Bloomberg គឺមានដូចជា តារាចម្រៀងជនជាតិព័រតូរីកូ Bad Bunny, តារាល្បី Lady Gaga, Cardi B និង Pop Smoke៕

   

អត្ថបទដែលជាប់ទាក់ទង