បុរសម្នាក់ សង្ស័យមានវិបត្តិអ្វីមួយ បានសម្រេចចិត្តជិះម៉ូតូមួយគ្រឿង មកលេីស្ពានជ្រោយចង្វាចាស់​ រួចលោតទឹកសម្លាប់ខ្លួន

(ភ្នំពេញ)៖ នាវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៥​ ខែវិច្ឆិកា​ឆ្នាំ២០២០ នៅលើស្ពានជ្រោយចង្វាចាស់ ក្នុងសង្កាត់ជ្រោយចង្វា​ ខណ្ឌជ្រោយចង្វា​ រាជធានីភ្នំពេញ មានបុរសម្នាក់ សង្ស័យមានវិបត្តិអ្វីមួយ បានសម្រេចចិត្តជិះម៉ូតូមួយគ្រឿង មកលេីស្ពានជ្រោយចង្វាចាស់​ រួចលោតទឹកសម្លាប់ខ្លួន​ តែបែរជាខំប្រឹងហែលមកលេីគោកវិញ រួចផុតពីសេចក្ដីស្លាប់ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ ​ ។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុ​ គេឃេីញបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដាឌ្រីមស៊េរីឆ្នាំ២០១៨​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 1HE-0780 តែម្នាក់ឯងមកឈប់នៅលើស្ពានជ្រោយចង្វាចាស់​  ហើយក៏បានទៅតោងបង្កាន់ដៃស្ពានលោតចុះ លិចចូលទៅក្នុងទឹកបាត់ដោយបន្សល់ទុកទូរស័ព្ទ១គ្រឿង​ លុយចំនួន៤ម៉ឺនរៀល​ និងខ្សែដៃ១ខ្សែទុកនៅលើកែបម៉ូតូ របស់ខ្លួន​ហើយសមត្ថកិច្ច បានយកម៉ូតូ និងសម្ភារ:ជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលជ្រោយចង្វា​ ជាបណ្តោះអាសន្ន​ ។

ក្រោយមក​ ប្រមាណជាង១០នាទី​ ក៏មានគេប្រទះឃើញបុរសនោះ ហែលតោងទូកអ្នកនេសាទឡើងលើគោកវិញ នៅម្តុំវត្តភ្នំ​ ខណ្ឌដូនពេញ​។

ក្រោយមកបុរសរូបនោះ ត្រូវបានសមត្ថកិច្ចបញ្ចូនទៅកាន់ប៉ុស្តិ៍នគរបាលជ្រោយចង្វា ដើម្បីធ្វើការសាកសួរនិងណែនាំអប់រំ រួចទាក់ទងទៅក្រុមគ្រួសារ និងសាច់ញាតិមកទទួលទៅផ្ទះវិញ៕

អត្ថបទដែលជាប់ទាក់ទង