សុំលុយម្តាយ២ម៉ឺន មិនបានសម្រេច លោកកូនចិត្តខ្មៅ ខឹងចិត្តវាយបំផ្លិចបំផ្លាញ និងគំរាមចាក់សម្លាប់ម្តាយទៀត

(ភ្នំពេញ)៖ ជនសង្ស័យបានសុំលុយពីម្តាយជាជនរងគ្រោះ២០.០០០៛ តែម្តាយជាជនរងគ្រោះមិនមានលុយឲ្យស្រាប់តែជនសង្ស័យ ខឹងក៏បានទាត់ឆ្នាំងដាំបាយខ្សែភ្លើង និងកង្ហារ បណ្តាលឲ្យខូចខាត រួចយកញញួរវាយកាំជណ្តើរផ្ទះ បណ្តាលឲ្យបែកខូចខាតទាំងអស់ មិនតែប៉ុណ្ណោះថែមចង់យកដែកមកចាក់ម្តាយ និងគំរាមដុតផ្ទះថែមទៀត។

ហេតុការណ៍ខាងលើនេះកើតឡើងកាលពីថ្ងៃទី១៤.១១.២០២០នៅវេលាម៉ោង១៩.០០នាទី ចំណុចភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល។

ជនរងគ្រោះ០១នាក់ ឈ្មោះប៉ា អូន ភេទស្រីអាយុ៥០ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិស្ដៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មុខរបរ កសិករ(ត្រូវជាម្តាយបង្កើត)។

ចំណែកជនសង្ស័យ០១នាក់ ឈ្មោះភា រស្មី ភេទប្រុសអាយុ២៦ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំកើតហេតុ មុខរបរ មិនពិតប្រាកដ ត្រូវជាកូនបង្កើត(ឃាត់ខ្លួន)។

ចំណែកសម្ភារ ខូចខាត៖ ១.ឆ្នាំងដាំបាយខ្សែភ្លើង០១, ២.កង្ហារ០១, ៣.ព្រះភូមរានទេវតា០១, ៤.បង្កាន់ដៃកាន់ជណ្តើរផ្ទះ ធ្វើអំពីថ្មខូចខាតផ្នែកខាងក្រោម, ៥.ស៊ុមរូបថត ០៣ និងមែកឈើហូបផ្លែមួយចំនួន។ រីឯវត្ថុតាងចាប់យក៖ ១.ញញួរផ្លែដែកដងឈើប្រវែង
០,២២ម៉ែត្រចំនួន០១, ២.កាំបិតកញ្ចែតប្រវែង០,៤៨ម៉ែត្រ ០១, ៣.ដែកស្រួច ០២ដើម មួយដើមប្រវែង០,៤៣ម៉ែត្រ និងដែកកេះហ្គាស០១ពណ៌ស្វាយ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំវេលាម៉ោងកើតហេតុខាងលើជនសង្ស័យបានសំលុយពីម្តាយឈ្មោះប៉ា អូន ជាជនរងគ្រោះ២០.០០០៛ តែម្តាយជាជនរងគ្រោះមិនមានលុយឲ្យស្រាប់តែជនសង្ស័យ ខឹងក៏បានទាត់ឆ្នាំងដាំបាយខ្សែភ្លើង និងកង្ហារ បណ្តាលឲ្យខូចខាត រួចយកញញួរវាយកាំជណ្តើរផ្ទះ និងវាយព្រះភូមិរានទេវតាបណ្តាលឲ្យបែកខូចខាតទាំងអស់ បន្ទាប់មកយកកាំបិតកាប់ស៊ុមរូបថតនិងដើមឈើនៅខាងមុខផ្ទះ រួចយកដែកចុងស្រួចគំរាមរកចាក់ម្តាយ ជាជនរងគ្រោះថែមទាំង យកដែកកេះគំរាមរកដុតផ្ទះចោលថែមទៀត។

ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះជាម្តាយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដីឥដ្ឋ បានចុះដល់ចំណុចកើតហេតុពិនិត្យជាក់ស្តែងរួចនាំយកជនសង្ស័យមកប៉ុស្តិ៍ដើម្បីសួរ
នាំ ក្រោយពីសួរនាំរួចនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា៖ខ្លួនពិតជាបានធ្វើសកម្មភាពវាយ និងកាប់បំផ្លិចបំផ្លាញ់ទ្រព្យសម្បត្តិរួចគំរាម រកចាក់ម្តាយ និងរកដុតផ្ទះពិតប្រាកដមែនដោយសារសុំលុយម្តាយយកទិញថ្នាំញៀនមិនបាន ។

ក្រោយពីសួរនាំជនសង្ស័យរួច កម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋបានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង