ទោះបីជាស្ថានភាពជំងឺកូវីដ១៩កំពុងរីករាលដាល ប៉ុន្តែស្ថានភាពការស្ថាបនាផ្លូវថ្នល់ នៅក្នុងក្រុងព្រះសីហនុ ដំណើរការយ៉ាងមមាញឹកជាធម្មតា

(ព្រះសីហនុ)៖ មកដល់នាពេលបច្ចុប្បន្ននេះស្ថានភាពការស្ថាបនាផ្លូវ ទាំង ៣៤ ខ្សែ ដែលរាជរដ្ឋាភិបាលទម្លាក់កញ្ចប់ថវិកាក្នុងការស្ថាបនាកែលម្អសោភ័ណភាពនិងបរិស្ថានតំបន់ឆ្នេរក្រុងព្រះសីហនុបាននិងកំពុងដំណើរការយ៉ាងមមាញឹកទោះបីជា ស្ថានភាព ជំងឺកូវីដ 19 កំពុងរីករាលដាលជាសកលនៅទូទាំងពិភពលោកហើយព្រះរាជាណាចក្រកម្ពុជាក៏ ជួបបញ្ហាជំងឺនេះដែរ តែទោះជាយ៉ាងណាក្រុមការងារស្ថាបនាអភិវឌ្ឍន៍ខេត្តនៅតែបន្តសកម្មភាពរបស់ខ្លួន យ៉ាងមមាញឹកជាធម្មតា។

នេះបើតាមការឲ្យដឹងពីលោក ឃាងភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានឲ្យដឹងនៅរសៀលថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ ហើយលោកក៏បានបន្ថែមថាសម្រាប់ការស្ថាបនាផ្លូវទាំង ៣៤ ខ្សែគឺមាន ៨ ក្រុមហ៊ុនមកដល់ពេលនេះ ការចាក់បេតុងបានរួចរាល់ 100% និង កំពុងបន្តក្រាលខឿនថ្មក្រានីត រួចរាល់ក្នុងរង្វង់ពីរជាង 70%- 90% កម្រាលថ្មក្រានីត បានជាង 60% – 90% បំពាក់អំពូលភ្លើង បានជាង 69%-90% បង្គោលភ្លើង បានជាង 90% – 100% ដាំដើមឈើ បានជាង 22% -70%ភាគរយ និងលូរណបបានជាង 80%- 100% នឹងនៅបំពាក់កាមេរ៉ាសុវត្ថិភាព គូសគំនូសចរាចរណ៍ រៀបចំបន្ទប់អនាម័យនៅតាមតំបន់ឆ្នេរ ដើម្បីមានភាពងាយស្រួលក្នុងការគ្រប់គ្រងសភាពការណ៍និងអនាម័យបរិស្ថានតំបន់ឆ្នេរឲ្យមានសោភ័ណភាពនិងមានភាពងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកម្សាន្ត។

លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តក៏បានបញ្ជាក់បន្ថែមទៀតថាទោះបីមានឧបសគ្គដោយសារជំងឺកូវីដ19 យ៉ាងណាក៏ដោយក៏សកម្មភាពក្រុមការងារស្ថាបនានៅតែបន្តដោយមិនមាន ការឈប់សម្រាកសកម្មភាពនោះឡើយហើយនៅក្នុងរង្វង់ខែ ១២ ឆ្នាំ ២០២០ នេះនឹង រៀបចំចាក់កៅស៊ូគ្រប់ផ្លូវទាំង ២៤ ខ្សែនឹងឲ្យរួចរាល់ នៅមុនឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ ២០២១ នាពេលខាងមុខនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង