លោក ដូណាល ត្រាំ រកវិធីកម្ទេចទីតាំងផ្ទុកអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់

វ៉ាស៊ីនតោន៖ ក្រុមមន្ត្រីទីប្រឹក្សារបស់លោក ដូណាល ត្រាំ ប្រធានាធិបតីអាមេរិក បានលើកឡើងបដិសេធរូបលោក ពីការវាយប្រហារដោយយន្តហោះទម្លាក់គ្រាប់បែក ទៅលើទីតាំងផ្ទុកសព្វាវុធប្រល័យលោក របស់អ៊ីរ៉ង់ ដោយព្រមានថា វាអាចធ្វើឱ្យមានការកើនជម្លោះ​​កាន់តែខ្លាំង រវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់។

កាសែតញ៉ូយ៉កថាមស៍ (The New York Times) រាយការណ៍ថា ផែនការនេះ កើតមានឡើង មួយថ្ងៃបន្ទាប់ពី ក្រុមការងារអធិការកិច្ចអន្តរជាតិ បានបង្ហើបដំណឹងប្រាប់ប្រធានាធិបតីថា ប្រទេសអ៊ីរ៉ង់ បានបង្កើនទីតាំងផ្ទុកសារធាតុផលិតអាវុធប្រល័យលោករបស់ខ្លួនយ៉ាងធំ។

លោក ត្រាំ បានសាកសួរក្រុមមន្ត្រីទីប្រឹក្សាជាន់ខ្ពស់ តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន អំពីលទ្ធភាព ចាត់វិធានការ វាយប្រហារកម្ទេច ទីតាំងសំខាន់ដែលផ្ទុកសារធាតុផលិតអាវុធនុយក្លែអ៊ែររបស់អ៊ីរ៉ង។

ក្នុងចំណោមទីប្រឹក្សាទាំងនោះ ក៏មានអនុប្រធានាធិបតី លោក ម៉ៃ ផេន (Mike Pence) លោក ម៉ៃ ប៉ុមប៉េអូ និងមន្ត្រីជាន់ខ្ពស់សំខាន់ៗជាច្រើនរូបទៀត ដោយមន្ត្រីទាំងនោះ បានហាមឃាត់លោកត្រាំពីការវាយប្រហារដោយយន្តហោះទម្លាក់គ្រាប់បែក ដោយ​បង្ហាញ​ក្តីបារម្ភថា វានឹងបង្ករជាជម្លោះកាន់តែខ្លាំងជាមួយអ៊ីរ៉ង់។

កាលពីថ្ងៃអង្គារ៍សប្តាហ៍មុន លោក ត្រាំ បានដកតំណែងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក លោក Mark Esper។ ការដកតំណែងនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក បង្ហាញការព្រួយបារម្ភថា លោក ដូណាល ត្រាំ កំពុងប្រើសន្លឹកបៀចុងក្រោយចុងអាណត្តិ បង្ករសង្គ្រាមជាមួយអ៊ីរ៉ង់៕

អត្ថបទដែលជាប់ទាក់ទង