បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

(ពោធិ៍សាត់)៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគោយន្ដកន្រ្តៃ ខណៈដែលអ្នកបើកបរគោយន្ដបើកថយឡើងលើផ្លូវពេលយប់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងអ្នកជិះម៉ូតូ និងគោយន្ដកន្ត្រៃបណ្ដាលឲ្យមានមនុស្សម្នាក់ស្លាប់ភ្លាមៗខាងលើ បានកើតឡើងនៅវេលាម៉ោង៦ និង៣០នាទី ល្ងាចថ្ងៃទី១៦ ខែវិច្ឆិការឆ្នាំ២០២០ម្សិលមិញ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតនៅភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

សេចក្តីរាយការណ៍ជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញឈ្មោះ ហ៉ីម ធារ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បានបញ្ឆេះគោយន្ត១គ្រឿងម៉ាកគូបូតា ពណ៌ទឹកក្រូចដែលចតនៅចិញ្ចើមផ្លូវ ដោយបើកថយក្រោយពីត្បូងទៅជើង(ឡើងលើផ្លូវ)ស្របគ្នានោះក៍មានអ្នកបើកម៉ូតូក្នុងទិសដៅពីកើតឆ្ពោះទៅលិចក្នុងល្បឿនលឿនគួរសមបានជ្រុលទៅបុកចំពីហៀងពេញទំហឹង គោយន្តបណ្ដាលឲ្យបុរសភាគីខាងម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

សេចក្តីរាយការណ៍បានអោយដឹងទៀតថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ អេម សុភា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ធ្វើដំណើរដោយម៉ូតូ១គ្រឿងម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ ។

ប្រភពបញ្ជាក់បន្ថែមទៀតថា ករណីនេះមន្រ្តីនគរបាលជំនាញបានចុះពិនិត្យ និងស្រាវជ្រាវជុំវិញហេតុការណ៍ដើម្បីធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ។ ក្រោយពេលកើតហេតុវត្ថុតាងត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញដើម្បីធ្វើការដោះស្រាយជាបន្តតាមនិតិវិធីផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង