បុរសលក់ថ្នាំខ្មែរចល័តម្នាក់ បានបន្លំលួចលុយនិងខ្សែកពីលោកយាយអាយុ៨៨ឆ្នាំម្នាក់

(កណ្តាល) ៖ បុរសលក់ថ្នាំខ្មែរចល័តម្នាក់ បានបន្លំលួចលុយនិងខ្សែកពីលោកយាយអាយុ៨៨ឆ្នាំម្នាក់ កាលពីថ្ងៃទី២១វិច្ឆិកាឆ្នាំ២០២០ វេលាម៉ោង០៩និង៣០នាទីព្រឹកនៅចំណុច ភូមិស្វាយពងអង្រ្កង សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាលត្រូវបានកម្លាំងប៉ូលិសចម្រុះស្ទាក់ចាប់បាន ខណៈពេលជិះទូកដរត់គេចខ្លួន។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ហាក់ អៀង ភេទស្រី អាយុ៨៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជរា ទីលំនៅភូមិសង្កាត់កើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ ស៊ុន រ៉ូសេត ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ថ្នាំខ្មែរ មានទីលំនៅភូមិសន្សំកុសល្យ១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ (ឃាត់ខ្លួន)។

វត្ថុតាងចាប់យករួមមាន ១-ខ្សែកធ្វើអំពីលោហធាតុពណ៍លឿងចំនួន១ខ្សែទម្ងន់៥ជីជារបស់ជនរងគ្រោះ, ២-ប្រាក់រៀលចំនួន២០ម៉ឺនរៀល ជារបស់ជនរងគ្រោះ,៣-ប្រាក់ដុល្លារចំនួន៥៧០ ដុលា្លរជារបស់ជនរងគ្រោះ, ៤-ម៉ូតូមួយគ្រឿងម៉ាកHonda C125 ពណ៌ខ្មៅ ស៊េរី២០១៩ ស្លាកលេខ ភ្នំពេញ1HI-0518, ៥-ទូរស័ព្ទដៃមួយគ្រឿងម៉ាកVIVO ពណ៌ ទឹកមាស ជារបស់ជនសង្ស័យ, ៦-សាមីដាក់ឯកសារចំនួន១ជារបស់ជនសង្ស័យ,៧-សៀវភៅ១ក្បាលជារនស់ជនសង្ស័យ, ៨-តែចិនចំនួន៩កញ្ចប់ជារបស់ជនសង្ស័យ,៩-ឱសថបុរាណ(ថ្នាំខ្មែរ)ចំនួន១កញ្ចប់និង១០-កាបូបយួពណ៌ក្រហម១។

ប៉ូលិសបន្តថា កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យបានជិះម៉ូតូមកផ្ទះជនរងគ្រោះ ដើម្បីលក់ឱសថបុរាណថ្នាំខ្មែរ(ថ្នាំលើសឈាម) ឱ្យជនរងគ្រោះ។ ពេលនោះបានឱ្យជនរងគ្រោះស្គែនមេដៃលើ ទូរស័ព្ទដើម្បីពិនិត្យរកជំងឺលើសឈាម។ តែពេលនោះក៏ឃើញជនរងគ្រោះមានខ្ចប់កូនថង់ដាក់លុយនិងខ្សែកមួយថង់ដាក់នៅក្នុងហោប៉ៅអាវ។

ប៉ូលិសបន្តថា ដោយឃើញឱកាសស្ងាត់ល្អ ម្យ៉ាងទៀតឃើញជនរងគ្រោះជាមនុស្សចាស់ជរា ក៏បានបន្លំលូកលួចយកហើយជិះម៉ូតូចេញបាត់ទៅ។ បន្ទាប់មកជនរងគ្រោះបានប្រាប់ចៅនិងកូន ហើយរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍កោះអន្លង់ចិន ឱ្យជួយដេញចាប់ជនសង្ស័យ តែជនសង្ស័យបានឆ្លងដទៅត្រើយខាងលិច ដល់ពាក់កណ្តាលទន្លេជិតចូលដីសង្កាត់ស្វាយរលំ ។ ពេលនោះកម្លាំងប៉ូលិសប៉ុស្តិ៍ស្វាយរលំ ក៏បានត្រៀមចាំរួចជាស្រេចហើយនៅពេលជនសង្ស័យឆ្លងមកដល់ ក៏បានចាប់ឃាត់ខ្លួនតែម្តង។

តាមចម្លើយរបស់ជនសង្ស័យបានប្រាប់ថា «គាត់ពិតជាបានលួចលុយនិងខ្សែករបស់ជនរងគ្រោះខាងលើ ប្រាកដមែន ហើយទើបតែលួចលើកទី១នេះទេ»។ បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ៕

 

អត្ថបទដែលជាប់ទាក់ទង