ជនសង្ស័យម្នាក់បានយកកាំបិតប៉័ងតោកាប់លោកយាយម្នាក់អាយុ៧២ឆ្នាំដែលមានផ្ទះជាប់គ្នាបណ្តាលឱ្យរបួស

(កណ្ដាល) ៖ ជនសង្ស័យម្នាក់បានយកកាំបិតប៉័ងតោកាប់លោកយាយម្នាក់អាយុ៧២ឆ្នាំដែលមានផ្ទះជាប់គ្នាបណ្តាលឱ្យរបួស បន្ទាប់ពីមានទំនាស់ពាក្យសំដីគ្នា ហើយរត់គេចខ្លួនបាត់ ដែលអំពើហិង្សាដោយចេតនា ខាងលើនេះកើតឡើងនាថ្ងៃសុក្រទី២០ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៧និង៣០នាទីយប់ នៅចំណុចភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ស៊ុ ហេង ភេទស្រី អាយុ៧២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករ។ចំណែកជនសង្ស័យឈ្មោះ រឹម សំនៀង ហៅញ៉ាញ់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឈើទាល ឃុំឈើទាលស្រុក កៀនស្វាយខេត្តកណ្តាល មុខរបរកសិករ (គេចខ្លួន)។វត្ថុតាងចាប់យកកាំបិតបុ័ងតោធ្វើអំពីដែកប្រវែង ៣២ស.ម ទទឹង៧ស.ម។

ប៉ូលិសបន្តថា ដំបូងជនសង្ស័យបានដើរកាត់មុខផ្ទះជនរងគ្រោះទៅមក ៣ទៅ៤ដង(ផ្ទះជនសង្ស័យនិងជនរងគ្រោះជាប់របងគ្នា ហើយតែងតែឈ្លោះប្រកែកសំដីជេរប្រមាថគ្នា សឹងរាល់ថ្ងៃ ) ។ពេលឃើញជនសង្ស័យដើរកាត់មុខផ្ទះទៅមកច្រើនដងពេក ហើយជាមនុស្សមិនត្រូវគ្នាទៀត ចៅជនរងគ្រោះឈ្មោះ លាង ដាវ៉ាន់ ភេទប្រុស អាយុ១២ឆ្នាំ ក៏បានទៅទាញទ្វាររបងចាក់សោរួចក៏ដើរក្នុងផ្ទះវិញ។

មួយសន្ទុះក្រោយមក ជនសង្ស័យបានស្លៀកខោខ្លី កាន់កាំបិតបុ័ងតោ ផ្លោះរបងផ្ទះជនរងគ្រោះចូលកាប់ជនរងគ្រោះ ដែលកំពុងអង្គុយក្រោមផ្ទះត្រូវចំក១កាំបិតបណ្តាលឱ្យហូរឈាម។ ពេលប្រព្រត្តឹសកម្មភាពរួច ជនសង្ស័យ បានរត់ចេញរួចបោះកាំបិតចោលក្រោមដើមមៀនមុខផ្ទះជនរងគ្រោះ ហើយផ្លោះរបងចេញក្រៅរត់ទៅផ្ទះរបស់ខ្លួន រួចយកម៉ូតូម៉ាកHONDA Dreams C125 ស៊េរី ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GM-6736 ជិះគេចខ្លួនបាត់។ ករណីនេះសមត្ថកិច្ចកំពុងបន្តស្វែងរកចាប់ខ្លួនជនសង្ស័យ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង