(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានថាមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី និងមានអ្នកជាសះស្បេីយម្នាក់។
ករណីជាសះស្បើយខាងលើ គឺជាជនជាតិឥណ្ឌាអាយុ ៣៣ ឆ្នាំ ដែលមានមានអាសយដ្ឋានស្នាក់នៅសង្កាត់លេខ ០៤ ក្រុងព្រះសីហនុ។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា បុរសរូបនោះបានធ្វើដំណើរមកពីប្រទេសឥណ្ឌា ដោយឆ្លងកាត់ប្រទេសអារ៉ាប់ប៊ីសាអូឌីត និងបន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី ០៥ ខែវិច្ឆិកាឆ្នាំ ២០២០។
តាមក្រសួងសុខាភិបាល បុរសរូបនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវី១៩សរុប ៣០៦ ករណី ក្នុងនោះអ្នកជំងឺ២៩៦ បានជាសះស្បើយ។
ដោយឡែកអ្នកជំងឺដែលនៅសល់ កំពុងដាក់ឲ្យសម្រាកព្យាបាលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ៕