ស្ដាយណាស់! កុមារា ដ៏មានទេពកោសល្យ រ៉េត រ៉ែន ពេលនេះមិនអាចច្រៀងសំនៀងស្រីបានពីរោះដូចមុននោះទេ…

ជារឿងមួយគួរឱ្យសោកស្ដាយណាស់សម្រាប់ កុមារា ដ៏មានទេពកោសល្យ រ៉េត រ៉ែន ដែលធ្លាប់តែអាចបង្ហើរសំនៀងស្រីក៏បានប្រុសក៏បាន តែពេលនេះរូបគេមិនអាចច្រៀងសំនៀងស្រីបានពីរោះដូចមុននោះទេ ក្នុងមូលហេតុមួយគឺព្រោះពេលនេះរូបគេឈានចូលដល់វ័យជំទង់ បែកសំឡេងជាគ្រលរ ខុសគ្នាស្រឡះពីគ្រាដែលប្រឡងចម្រៀងកាលពីឆ្នាំ ២០១៨ ដែលរូបគេអាចបត់បែនសម្លេងជានារីផងបុរសផងបានយ៉ាងស្ទាត់ជំនាញនោះ។

ឈានចូលដល់វ័យ ១៦ ឆ្នាំ ក្នុងឆ្នាំនេះ រ៉េត រ៉ែន នៅតែមិនមានឱកាសបានឈានជើងចូលក្នុងបណ្ដាផលិតកម្មផ្សេងៗនៅឡើយ បើទោះបីជារូបគេធ្លាប់ជាអតីតបេក្ខភាពដ៏លេចធ្លោដែលអាចឈានជើងចូលដល់វគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី 2​ ក៏ដោយ។ ហើយអ្វីដែលជាក្ដីកង្វល់ខ្លាំង សម្រាប់បង្អាក់ដំណើរក្មេងប្រុសដ៏មានទេពកោសល្យម្នាក់នេះ គឺខ្លួនមិនអាចបង្ហើរសំនៀងស្រីបានល្អដូចមុន ដែលនេះជាជំនាញស្នូលមួយធ្លាប់ស្ទួយឱ្យខ្លួនមានឱកាសឈរជើងលេចធ្លោក្នុងវិស័យចម្រៀងនាពេលកន្លងមក។ ប៉ុន្តែ បើទោះបីជាពេលនេះ រ៉េត រ៉ែន មិនអាចបង្ហើរសំនៀងស្រីបានល្អ ប៉ុន្តែរូបគេបែរជាច្រៀងជាសំនៀងប្រុសបានល្អប្រសើរជាងមុនទៅវិញ ដែលអាចនិយាយថាបាន ជាឱកាសដែលក្មេងប្រុសរូបនេះមានវាសនាអាចឈរជើងក្នុងផលិតកម្មធំណាមួយហើយលេចធ្លោខ្ពស់ត្រដែតទៅថ្ងៃមុខក៏ថាបាន។

គួរបញ្ជាក់ថា រ៉េត រ៉ែន ជាបេក្ខភាពដ៏លេចធ្លោក្នុងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី 2 ។ កុមារា ដែលមានទឹកដីកំណើតមកពីខេត្តត្បូងឃ្មុំ រូបនេះទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សក្រោយពីច្រៀងបទ “ថ្ងៃដែលអូនចុកឈាម” ជាសំនៀងស្រីបានយ៉ាងល្អឥតខ្ចោះ រហូតបានទទួលការចុចប៉ូតុងរហូតដល់ទៅ ៣ ពីគណកម្មការតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង