បាតុករថៃហែរក្បួនទាមទារដល់កន្លែងដាក់ទ្រព្យសម្បតិ្តព្រះមហាក្សត្រ

ដូចការគ្រោងទុកក្រុមបាតុករថៃរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាខាងក្រៅ​ការិយាល័យ​ព្រះរាជទ្រព្យរបស់ព្រះមហាក្សត្រថៃដោយពួកគេជំរុញឱ្យមានតម្លាភាពនិងគណនេយ្យភាពពីរបបរាជា។

បាតុកម្មបានកើតមានឡើងនៅខាងក្រៅអគារធនាគារពាណិជ្ជកម្មសៃយ៉ាម ដែលជាកន្លែង​ដាក់ទ្រព្យសម្បត្តិព្រះមហាក្សត្រ ខណៈដែលធនាគារបានបិទការិយាល័យ​របស់ខ្លួនមុន​ពេល​ការជួបជុំ ហើយប៉ូលិសបានហាមឃាត់ពួកគេមិនឱ្យចូលលើសចម្ងាយ១៥០ ម៉ែត្រ ពីការិយាល័យដាក់ទ្រព្យសម្បត្តិព្រះមហាក្សត្រ។

កាលពីពេលថ្មីនេះ ក្រុមបាតុករបាន ប្រកាសលែងទុកពេលសម្របសម្រួលជាមួយរដ្ឋាភិបាល បន្ទាប់ មិនបានធ្វើតាមការសំណូមពររបស់ក្រុមអ្នកតវ៉ា។

សន្ទុះបាតុកម្មដាក់សម្ពាធទៅរដ្ឋាភិបាល របស់លោក ប្រាយុទ្ធ បានឡើងកម្តៅខ្លាំងនៅរយៈពេល ជាង២ ខែមកនេះ បន្ទាប់ពីថមថយឥទ្ធិពលបន្តិចនៃជំងឺកូវីដ១៩ នៅក្នុងប្រទេស ក្រុមនិស្សិតយុវជន បាតុករថៃ បានបង្កើនការជួបជុំនៅទូរទាំងក្រុងបាងកក ដើម្បីដាក់សម្ពាធទៅរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាវិបត្តិនយោបាយ នៅក្នុងប្រទេស។

៣ ចំណុចធំៗ ដែលពួកគេចង់បាន គឺទាមទារឱ្យលោក ប្រាយុទ្ធចុះចេញពីតំណែង ធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ និងកំណែទម្រង់ស្ថាប័នព្រះមហាក្សត្រ។

ប៉ុន្តែជំហានដំបូង នៃការសម្របសម្រួលជាមួយក្រុមបាតុករ សភាថៃបានយល់ព្រម ទទួលយកសេចក្តីព្រៀងចំនួន ៧ ដែលស្នើដោយ​គណ​បក្សប្រឆាំង និងក្រុមពាក់ព័ន្ធ ក្នុងការបោះឆ្នោតកែប្រែរដ្ឋធម្មនុញ្ញ បែរជាសភាមិនបានបោះឆ្នោតអនុម័ត្តសេចក្តីព្រៀងទាំង៧ ចំណុចនោះឡើយ។

សូមរំលឹកថា ក្រុមបាតុករថៃ បានធ្វើការតវ៉ារយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកា ដោយមានការប៉ះទង្គិចគ្នាមួយប្រាវ រវាងក្រុមគាំទ្រព្រះមហាក្សត្រ នៅថ្ងៃទី ១៧ ខែវិច្ឆិកា និងការរារាំងពីសមត្ថកិច្ច ដោយការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់ហ្វូងបាតុករ គ្រាដែលពួកគេព្យាយាមទម្លុះរបាំងដែកការពារបរិវេណរដ្ឋសភា។

ក្រុមមេដឹកនាំបាតុករ បានប្រកាសប្រមូលផ្តុំដោយបានធ្វើដំណើរទៅការិយាល័យព្រះរាជទ្រព្យ នៅថ្ងៃទី ២៥ ខែវិច្ឆិកានេះ ដើម្បីចាប់បង្ខំឱ្យព្រះមហាក្សត្រ និងរដ្ឋាភិបាល ត្រូវតែដោះស្រាយនូវការទាមទាររបស់ពួកគេឱ្យខាងតែបាន។

យ៉ាងណាថ្មីៗនេះ លោក  ប្រាយុទ្ធបានប្រកាសអនុវត្តច្បាប់ប្រឆាំងព្រះមហាក្សត្រ ដែលអាចជាប់ពន្ធនាគារពី១៥ ​ឆ្នាំឡើងទៅ ខណៈពេលនេះមានមេដឹកនាំតវ៉ា១២នាក់ហើយ ទទួលបានការកោះហៅពីប៉ូលិសពីបទចោទបរិហាកេរ្តិ៍ព្រះមហាក្សត្រ៕

អត្ថបទដែលជាប់ទាក់ទង