តូបលក់ចាប់ហួយ០១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង

(បាត់ដំបង)៖ តូបលក់ចាប់ហួយ០១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ខណ:ដែលម្ចាស់យកប្រេងសាំងទៅបូមក្បែរចង្ក្រានដាំបាយក៏បណ្តាលអោយឆាបឆេះឡើងតែម្តង។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១៧និង០០នាទីរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្រុមទី០៤ ភូមិសៀម ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានអោយដឹងទៀតថា តូបលក់ចាប់ហួយដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ៩ម៉ែត្រx៦ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងក្ដារ ដំបូលប្រក់ស័ង្កសី ឆេះទាំងស្រុង ដែលមានម្ចាស់ឈ្មោះ រ៉ន សិទ្ធា ភេទស្រី អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិសៀម ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ ភ្លាមៗនោះសមត្ថកិច្ចពុំបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារផ្លូវឆ្ងាយនិងទទួលដំណឹងយឺតពេល ប៉ុន្តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យសាកសួរជំវិញកន្លែងកើតហេតុទើបដឹងថា មូលហេតុដែលបណ្តាលអោយកើតមានអគ្គិភ័យកើតឡើងខាងលើនេះគឺបណ្តាលមកពីម្ចាស់មានការធ្វេសប្រហែសដោយយកប្រេងសាំងទៅបូមក្បែរចង្ក្រានដាំបាយក៏បណ្តាលអោយឆាបឆេះឡើងតែម្តង។

សម្ភារខូចខាតតូបលក់ចាប់ហួយ០១ខ្នងឆេះទាំងស្រុង រួមនឹងសម្ភារៈឥវ៉ាន់ចាប់ហួយគិតជាទឹកប្រាក់សរុបចំនួន ៨០០០ដុល្លារ ៕

អត្ថបទដែលជាប់ទាក់ទង