កូរ៉េខាងត្បូង​ និង​ចិន សន្យា​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​ទ្វេភាគី និង​ដោះស្រាយ​បញ្ហា​ក្នុង​តំបន់​និង​លើ​ពិភពលោក

(អន្តរជាតិ)៖ រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​ និង​ប្រទេស​ចិន បាន​សន្យា​កាលពីថ្ងៃ​ព្រហស្បតិ្តម្សិលមិញ​នេះ​ថា នឹង​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​ទ្វេភាគី និង​ដោះស្រាយ​បញ្ហា​នានា​នៅ​ក្នុង​តំបន់​និង​លើ​ពិភពលោក ដូចជា​ការ​ចរចា​នុយក្លែអ៊ែរ​ដែល​ជាប់​គាំង​ជាមួយនឹង​ប្រទេស​កូរ៉េ​ខាងជើង និង​បញ្ហា​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ ជាដើម។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាងត្បូង​អ្នកស្រី Kang Kyung-wha បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi ។ លោក Wang Yi បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាងត្បូង​កាល​ពី​ថ្ងៃ​ពុធ​ បន្ទាប់ពី​បាន​ចំណាយ​ពេល ២ ថ្ងៃ​នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កូរ៉េ​ខាងត្បូង​លោក Choi Young-sam បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​ថា រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា «យ៉ាង​ទូលំទូលាយ ​និង​ស៊ី​ជម្រៅ» អំពី​គម្រោង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន ​លោក Xi Jinping ទៅ​កាន់​ប្រទេស​កូរ៉េខាងត្បូង និង​បញ្ហា​ផ្សេង​ៗ​​ទៀត​ពាក់ព័ន្ធ​នឹង​ផល​ប្រយោជន៍​ទៅវិញ​ទៅមក ។

លោក Wang Yi បាន​ប្រាប់​អ្នកស្រី Kang Kyung-wh​a ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​ គឺ​ដើម្បី​បង្ហាញ​អំពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​ទ្វេភាគី ស្រប​ពេល​ដែល​ប្រទេស​ទាំង​ពីរ​បានសហការ​គ្នា​ក្នុង​នាម​ជា «ដៃគូ​យុទ្ធសាស្ត្រ» លើ​ការ​ការពារ​សន្តិភាព​ និង​ស្ថិរភាព​នៅ​ក្នុង​តំបន់ និង​ការ​លើក​កម្ពស់​អភិបាលកិច្ច​សាកលលោក ។

នៅ​ពេល​ដែល​អ្នក​កាសែត​សួរ​ថា​តើ​លោក Xi Jinping នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​ពេល​ណា លោក Wang Yi បាន​បញ្ជាក់​ថា ភាគី​ទាំង​ពីរ​កំពុង​សម្របសម្រួល​លើ​ «ស្ថានការណ៍» ពាក់ព័ន្ធ​នឹង​រឿង​នេះ ដែល​ក្នុង​នោះ​មាន​ទាំង​ស្ថានការណ៍​ទាក់ទិន​នឹង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ផង​ដែរ៕

អត្ថបទដែលជាប់ទាក់ទង