កំណត់ធ្វើតេស្ត៣លើកនិង២កន្លែងសម្រាប់អ្នកប៉ះពាល់ជាមួយអគ្គនាយកពន្ធនាគារ!

(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី យក់ សម្បត្តិនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានថ្លែងប្រាប់អ្នកព័ត៌មានថា៖ (ក្រសួងសុខាភិបាល បានកំណត់ធ្វើតេស្តរកវីរុសកូវីដ១៩ ចំនួន៣លើក លើអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយក្រុមគ្រួសារ អគ្គនាយកពន្ធនាគារ លោក ឆែម សាវុធ)។ លោកស្រីថា៖ ការធ្វើតេស្តលើកទី១ គឺធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០, លើកទី២ ធ្វើនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ និងលើកទី៣ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ។ ទៅតាមទីតាំងដែលបានកំណត់ ទាំងក្នុងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ លោកស្រី យក់ សម្បត្តិ បានបញ្ជាក់បន្ថែមថា ប្រសិនបើអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោល មិនបានធ្វើតេស្តនៅថ្ងៃកំណត់របស់ក្រសួង.នោះក្រសួងនឹងកំណត់ចត្តាឡីស័ក១៤ថ្ងៃ រាប់ចាប់ពីថ្ងៃបានធ្វើតេស្ត។ ជាមួយគ្នានោះនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានអំពាវនាវ ។ ដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយក្រុមគ្រួសារលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ ។ សូមអញ្ជើញមកធ្វើតេស្តរកកូវីដ១៩ នៅផ្សារទំនើបអ៉ីអន១ សម្រាប់ប្រជាពលរដ្ឋធម្មតា និងនៅទីស្តីការក្រសួងមហាផ្ទៃ សម្រាប់មន្ត្រីរាជការ។ សូមជម្រាបថា៖គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៩.១១.២០២០ កម្ពុជារកឃើញអ្នកផ្ទុកកូវីដ១៩ចំនួន៣០៥នាក់(ស្ដ្រី៦៦នាក់)។ ក្នុងនោះព្យាបាលជាសះស្បើយ៣០១នាក់(ស្ដ្រី៦១នាក់)អ្នកកំពុងព្យាបាល១៤នាក់៕ដោយ៖ចាន់ ថន

អត្ថបទដែលជាប់ទាក់ទង