ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានសម្រេចផ្អាកសាលារៀនអន្តរទ្វីបអាមេរិកកាំង សាខាចក្រអង្រែ បណ្ដោះអាសន្ន រយៈពេល២សប្ដាហ៍ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ គ្រឹះស្ថានសិក្សានេះ ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិកត្រូនិក។
ក្រសួងបានបញ្ជាក់ទៀតថា ចំពោះការផ្អាកដំណើរការសាលានេះបណ្ដោះអាសន្ន គឺដើម្បីជៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលា និងរីករាលដាលក្នុងសហគមន៍ ដោយស្របតាមការណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ក្រសួងអប់រំក៏បានអំពាវនាវឲ្យបុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្ស ដែលពាក់ព័ន្ធនឹងគ្រឹះស្ថានសិក្សាខាងលើ ឲ្យបន្តតាមដានសុខភាពផ្ទាល់ខ្លួន ក្នុងករណីសង្ស័យត្រូវទាក់ទងទៅក្រសួងសុខាភិបាល៕