ករណីពុលស្រាស និងស្រាថ្នាំ បណ្ដាលឲ្យប្រជាពលរដ្ឋចំនួន ៤នាក់បានស្លាប់ និងជិត ៦០នាក់បានត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ

(កំពង់ឆ្នាំង)៖ មានករណីពុលស្រាស និងស្រាថ្នាំ បានកើតឡើងនៅខេត្តកំពង់ឆ្នាំងបានបណ្ដាលឲ្យប្រជាពលរដ្ឋចំនួន ៤នាក់បានស្លាប់ និងជិត ៦០នាក់បានត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ គ្រាដែលកំពុងកើតហេតុនេះផងដែរ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកលក់ស្រាស-ស្រាថ្នាំចំនួន ៣នាក់មកធ្វើការសាកសួរនៅអធិការនគបាលស្រុកទឹកផុសជុំវិញការពុលស្រាខាងលើនេះផងដែរ។

អភិបាលស្រុកទឹកផុស លោក នូកសូត្រសង់ បានឲ្យដឹងតាមរយៈទូរសព្ទនៅវេលាម៉ោង ៨ និង ២២ នាទីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ហេតុការណ៍ភ្ញាក់បានកើតឡើងនៅម៉ោងប្រមាណជា២រសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ គ្រាដែលដែលអ្នកភូមិមានការជ្រួលច្របល់ដល់សមត្ថកិច្ច និងអាជ្ញាធមូលដ្ឋានចុះទៅដល់ស្រាវជ្រាវជុំវិញបញ្ហានេះភ្លាមៗផងដែរ ។

បើតាមការអោយដឹងពីប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានប្រាប់ឲ្យដឹងថា ប្រជាពលរដ្ឋ ៤នាក់ស្លាប់ ដោយក្នុងនោះស្លាប់នៅតាមផ្លូវចំនួន ២នាក់ នៅពេលបញ្ជូនទៅសង្គ្រោះនៅភ្នំពេញ និង២នាក់ទៀតបានស្លាប់នៅឯមូលដ្ឋាន ។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងទៀតថា ពេលនេះជនរងគ្រោះដោយសារពុលស្រាស ស្រាថ្នាំត្រូវបានដឹកមកដល់ដើម្បីធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក ហើយ គ្រាដែលអភិបាលខេត្តកំពង់ឆ្នាំងលោកឈួរច័ន្ទឌឿន និងរដ្ឋលេខាធិការក្រសួងសុខាភិបាលក៏មានវត្តមាននៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីតាមដានការវិវត្តន៍នៃជនរងគ្រោះដោយសារការពុលស្រាសនេះផងដែរ ។

លោកវេជ្ជបណ្ឌិតប្រាក់ វ៉ុន បញ្ជាក់ថា ប្រជាពលរដ្ឋដែលរងគ្រោះសរុបចំនួន ៦៣នាក់ បានពុលស្រាស និងបានបញ្ជូនទៅមន្ទីរពេទ្យខេត្ត៥៧នាក់ ក្នុងនោះធ្ងន់៦នាក់ ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យក្រុងភ្នំពេញ ៤នាក់ និងស្លាប់នៅតាមផ្លូវ២នាក់ និងនៅឯមូលដ្ឋានស្លាប់ ២នាកទៀតផងដែរ៕    

អត្ថបទដែលជាប់ទាក់ទង