ករណីពុលស្រានៅក្នុងស្រុកទឹកផុស សមត្ថកិច្ចចម្រុះឃាត់ខ្លួនអ្នកបិតស្រា៤នាក់ និងបិទកន្លែងផលិតស្រា៣កន្លែង ដកហូតស្រាមួយចំនួន

(កំពង់ឆ្នាំង)៖ ករណីប្រជាពលរដ្ឋនៅស្រុកទឹកផុស បានពុលស្រាសចំនួន 105 នាក់និងស្លាប់ម្នាក់ទៀតដែលធ្វើអោយអ្នករងគ្រោះមានការកើនឡើងកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ម្សិលមិញនេះសមត្ថកិច្ចចម្រុះដែលដឹកនាំ ដោយលោកព្រះរាជអាជ្ញារងនៃ អយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំង ចុះធ្វើការ បិទកន្លែងផលិតស្រានិងនិងដកហូតស្រាមួយចំនួននៅក្នុងឃុំពីរ នៃស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

លោក លឿន លក្ខិណា មន្ត្រីកាំកុងត្រូល ដែលបានសហការ ចុះប្រតិបត្តិការជាមួយសមត្ថកិច្ចចម្រុះរបស់ខេត្ត បាននិយាយឲ្យដឹងថា គិតត្រឹមម៉ោង ២ រសៀលថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ម្សិលមិញ នេះសមត្ថកិច្ចចម្រុះ បានធ្វើការបិទកន្លែងបិត ស្រាសអត់ច្បាប់ ចំនួន ៣ កន្លែងនៅក្នុងឃុំខ្លុងពពក និងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស។

ដោយឡែកសមត្ថកិច្ចចម្រុះ ក៏បានដុតកំទេច អង្ករមេស្រា ចំនួន១០ធុង និងដកហូតស្រាសស្រាថ្នាំតាមរោង និងតាមតូបលក់ដូរក្នុងឃុំទាំងពីរខាងលើនេះ បានចំនួន ២០កានកន្លះ យកមករក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលស្រុកទឹកផុស ដើម្បីបញ្ជូនទៅកាន់ ឡាបូ ក្រុងភ្នំពេញសំរាប់ត្រួតពិនិត្យ។

ព្រះរាជអាជ្ញារង សាលាដំបូងខេត្តកំពង់ឆ្នាំងលោក ឡុងស៊ីថា បានបញ្ជាក់ឲ្យដឹងថា កិច្ចប្រតិបត្តិការរបស់សមត្ថកិច្ចចម្រុះ និងត្រូវធ្វើបន្តទៀតនៅក្នុងថ្ងៃទី ២៩ ឬថ្ងៃ ៣០នេះ ដូច្នេះលោកមិនអាចបូកសរុបបានពីលទ្ធផលដែលធ្វើបាននៅឡើយនោះទេសម្រាប់ថ្ងៃនេះ។

នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះដែរគឺសមត្ថកិច្ចបានឃាត់ខ្លួន អ្នកបិតស្រា និងលក់ ចំនួន ៤ នាក់ ក្នុងនោះមានស្រី ១នាក់ ដែលត្រូវបាននាំខ្លួន មកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការសាកសួរអំពីរបៀប បិតស្រានិងការលាយស្រាលក់ និងដើម្បីមានវិធានការទប់ស្កាត់ការពុលស្រាខាងលើនេះផងដែរ ៕   

អត្ថបទដែលជាប់ទាក់ទង