តារាសម្តែង ចន ច័ន្ទលក្ខិណា បានសម្រេចចិត្តបិទហាងសាឡនរបស់ខ្លួនភ្លាមៗជាបណ្តោះអាសន្ន

ដើម្បីចូលរួមការពារការរីករាលដាលវីរុសកូវីដ១៩ ជាពិសេសនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នេះ តារាសម្តែង ចន ច័ន្ទលក្ខិណា បានសម្រេចចិត្តបិទហាងសាឡនរបស់ខ្លួនភ្លាមៗជាបណ្តោះអាសន្ន។

ថ្វីដ្បិតរដូវនេះត្រូវប៉ាន់នៅក្នុងអាជីពសាឡនក្តីតែ ចន ច័ន្ទលក្ខិណា បានសម្រេចបិទហាងរបស់ខ្លួនភ្លាមៗ ដោយលើកឡើងថា «នាងខ្ញុំសូមជំរាបបងប្អូនឱ្យ បានជ្រាបថា ពេលនេះហាង ចនច័ន្ទសាឡន នឹងធ្វើការបិទមួយរយៈមិនទទួលអតិថិជនទាំងផ្នែកសាឡន និង បងប្អូនអតិថិជនដែលអញ្ជើញ មកទិញ ផលិតផលដល់ហាងនាងខ្ញុំ យើងចូលរួមការពារទាំងអស់គ្នាដើម្បីសុខភាពប្រជាជនយើង»។ ការលើកឡើងរបស់ ចន ច័ន្ទលក្ខិណា ក៏ទទួលបានការសរសើរពីសំណាក់អ្នកគាំទ្រផងដែរថាជា គំនិតដ៏ល្អ ដើម្បីជៀសផុតការឆ្លងរាលដាលនៃវីរុសដ៏កាចសាហារមួយនេះ ។

ចន ច័ន្ទលក្ខិណា មិនទាន់អះអាងថា នឹងបើកដំណើរការរបររបស់ខ្លួនវិញពេលណាឡើយ ហើយនាងក៏ជាតារាស្រីដំបូង ដែលសុខចិត្តបិទការរកស៊ីរបស់ខ្លួនទាំងកំពុងត្រូវប៉ាន់ភ្លាមៗ ដើម្បីចូលរួមទប់ស្កាត់ការរីកសាយភាយ នៅក្នុងកាលៈទេសៈនេះ។

គួរឱ្យដឹងថា សម្រាប់ថ្ងៃទី ៣០ វិច្ឆិកា​ ២០២០​ នេះ ក្រសួងសុខាភិបាលបានរកឃេីញអ្នកឆ្លងជំងឺកូវីដ-១៩​ ថ្មី​ ចំនួន ០៨ នាក់បន្ថែម។ ក្នុងនោះ អ្នកឆ្លងសរុបមានចំនួន ១៤ នាក់ហើយ ដែលជាការឆ្លងចូលសហគមន៍ ក្នុងព្រឹត្តិការណ៍ថ្ងៃទី ២៨ វិច្ឆិកា៕

អត្ថបទដែលជាប់ទាក់ទង