លោក ដូណាល ត្រាំ នឹងដកមន្ត្រីទូតអាមេរិក ចំនួន ១២ នាក់ ចេញពីប្រទេសអ៊ីរ៉ាក់ នៅចំពោះមុខនៃការកើនឡើងភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់
អ៊ីរ៉ាក់៖ ប្រធានាធិបតីជិតផុតអាណត្តិ សហរដ្ឋអាមេរិក លោក ដូណាល ត្រាំ ត្រូវបានរាយការណ៍ថា នឹងដកមន្ត្រីទូតអាមេរិក ចំនួន ១២ នាក់ ចេញពីប្រទេសអ៊ីរ៉ាក់ នៅចំពោះមុខនៃការកើនឡើងភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់។
ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ ត្រូវបានគេមើលឃើញថា កាន់តែផុងចូលជ្រៅនៃការចិញ្ចឹមចិត្តចងគំនុំសងសឹកគ្នា ចាប់តាំងពីអាមេរិកសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ លោក Qassem Soleimani នៅថ្ងៃទី៣ ដើមខែមករា ឆ្នាំនេះ។ ហើយការសម្រេចដកហូតមន្ត្រីទូតពីប្រទេសអ៊ីរ៉ាក់ នៅទីក្រុងបាដាក នៅពេលនេះទៀតសោត ក៏ដោយសារតែ
ភាពតានតឹង បន្តកើនឡើងនៅមុនពេលនៃខួបលើកទី១ នៃថ្ងៃអាមេរិកវាយប្រហារសម្លាប់មេដឹកនាំយោធាអ៊ីរ៉ង់ផងដែរ។
ការកាត់បន្ថយបុគ្គលិកការទូត ទំនងនឹងត្រូវធ្វើឡើងបណ្តោះអាសន្ន ដោយសារភាពតានតឹងរវាងប្រទេសទេសទាំងពីរបានកើនឡើង។
បន្ទាប់ពីការស្លាប់ លោក Soleimani ទីក្រុងតេហេរ៉ង់ បានវាយប្រហារភ្លាម២ ប្រឆាំង សេតវិមាន ដោយបើកការវាយប្រហារមីស៊ីលដាក់កងទ័ពអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ បណ្តាលឱ្យទាហាន៩នាក់ រងរបួស។
ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែជាន់ខ្ពស់អ៊ីរ៉ង់លោក Mohsen Fakhrizadeh ត្រូវបានរងការវាយប្រហារសម្លាប់នៅជិតទីក្រុងតេហេរ៉ង់ ខណៈដែលមន្ត្រីអ៊ីរ៉ង់បានសំដៅទៅលើអ៊ីស្រាអ៊ែល និងអាមេរិកមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះ។
ភ្នាក់ងារចារកិច្ចនៃប្រទេស លោកខាងលិចជឿជាក់ថា ការវាយប្រហារសម្លាប់អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់រូបនេះ គឺមាន ជាប់ពាក់ព័ន្ធនៅពីក្រោយ នៃការផ្លាស់ប្តូរកម្មវិធីអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់។
កិច្ចព្រមព្រៀងឆ្នាំ ២០១៥ ជាមួយមហាអំណាចពិភពលោកទាំង ៦ បានដាក់កម្រិតទៅលើបរិមាណផលិតកម្ម ប៉ុន្តែតាំងពីលោក ត្រាំ បានបោះបង់ចោលកិច្ចព្រមព្រៀងចាប់ពីឆ្នាំ ២០១៨ ខណៈដែលអ៊ីរ៉ង់នៅតែមានបំណងវិលទៅរកកិច្ចព្រមព្រៀងនោះវិញជាមួយអាមេរិក។
នៅចន្លោះឆ្នាំ ២០១០ ដល់២០១២ អ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់ចំនួន ៤ នាក់ត្រូវបានសម្លាប់ ហើយអ៊ីរ៉ង់បានចោទអ៊ីស្រាអែលក្នុងការសម្លាប់យ៉ាងចម្រូងចម្រាស់នោះ។
ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ បានកើតមានឡើងឥតស្រាកស្រាន្ត នៅក្នុរដ្ឋការរបស់លោក ដូណាល ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ចាប់តាំងពីលោក បានចាប់អូសអាមេរិកចេញពីកិច្ចព្រមព្រៀង អាវុធនុយក្លេអ៊ែអ៊ីរ៉ង់ជាមួយក្រុមប្រទេសមហាអំណាចំនួន ៥ ទៀត។
លោកត្រាំបានបង្ហើប ពីផែនការវាយប្រហារដោយយន្តហោះទម្លាក់គ្រាប់បែក ទៅលើទីតាំងផ្ទុកសព្វាវុធប្រល័យលោក របស់អ៊ីរ៉ង់ ខណៈដែលមន្ត្រីទាំងនោះ បានបង្ហាញក្តីបារម្ភថា វានឹងបង្ករជាជម្លោះកាន់តែខ្លាំងជាមួយអ៊ីរ៉ង់៕