(ភ្នំពេញ)៖ ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ សម្ដេចពិជ័យសេនា ទៀ បាញ់ និងសហការី ព្រមទាំងអ្នកនៅជុំវិញខ្លួន ដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានទទួលលទ្ធផលអវិជ្ជមានទាំងអស់ ក្នុងការធ្វើតេស្តរកមេរោគកូវីដ-១៩។ នេះបើយោងតាមការបញ្ជាក់ ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់សម្តេច។
ជាមួយគ្នានោះ សម្ដេចពិជ័យសេនា ក៏ដូចជាសហការី ព្រមទាំងអ្នកនៅជុំវិញខ្លួនទាំងអស់ នឹងបន្តធ្វើចត្តាឡីស័ក និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានអំពាវនាវដល់ បងប្អូនដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ទាំងអស់ បន្តចូលរួមធ្វើតេស្តរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័កឱ្យបានហ្មត់ចត់។
សម្ដេចពិជ័យសេនា ក៏បានទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមទប់ស្កាត់ និងការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ-១៩ តាមវិធានណែនាំរបស់ក្រសួងសុខាភិបាល។
ឆ្លៀតនាឱកាសនេះ សម្តេចបានថ្លែងអំណរគុណ និងជូនពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានផ្ញេីសារជូនពរសម្តេច ឲ្យទទួលបានសុខភាពល្អបរិបូរណ៍ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ៕