បិទអគារកាណាឌីយ៉ា ដែលមានទីតាំងជិតផ្លូវភ្លោះវត្តភ្នំ មួយរយៈពេល ក្រោយពីរកឃើញបុរសម្នាក់ជនជាតិខ្មែរ ជាបុគ្គលិកធនាគារចិន មានផ្ទុកមេរោគកូវីដ១៩

(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះ បានឲ្យដឹងថា យោងតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រសួងសម្រេចឲ្យបិទអគារកាណាឌីយ៉ា ដែលមានទីតាំងជិតផ្លូវភ្លោះវត្តភ្នំ នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មួយរយៈពេល ក្រោយពីរកឃើញបុរសម្នាក់ជនជាតិខ្មែរ ជាបុគ្គលិកធនាគារចិន មានផ្ទុកមេរោគកូវីដ១៩។

ជាមួយគ្នានោះ នាព្រឹកថ្ងៃដដែលខាងលើ ក្រសួងក៏បានសម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្ន ធនាគារកាធេយូណាយធីត (នៅផ្លូវសម្តេចប៉ាន រាជធានីភ្នំពេញ) និងតម្រូវការឲ្យបុគ្គលិកទាំងអស់ធ្វើចត្តាឡីស័ករយ:ពេល ១៤ថ្ងៃ ក្រោយពីមានបុគ្គលិកស្រីម្នាក់ ត្រូវបានរកឃើញមានផ្ទុកមេរោគនេះផងដែរ។

គួរបញ្ជាក់ផងដែរថា  នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញប្រកាសព័ត៌មានថាបានរកឃើញករណីវិជ្ជមាន ២នាក់បន្ថែមទៀត ដែលជាអ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ អ្នកទាំង២នាក់នោះមាន៖ បុរសជនជាតិខ្មែរអាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកធនាគារចិន (កាណាឌីយ៉ា ផ្លូវមុនីវង្ស) ដែលបានប៉ះពាល់ជាមួយស្ត្រីអាយុ៣៦ឆ្នាំ ដែលរកឃើញវីរុសកូវីដ១៩ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូ វៀត រាជធានីភ្នំពេញ។

និងស្ត្រីជនជាតិខ្មែរអាយុ ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ត្រូវជាប្អូនស្រីបង្កើតបុរសខាងលើ) ជាបុគ្គលិកធនាគារកាឆេយូណាយធីត រាជធានីភ្នំពេញ។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង