ទីតាំងស្តុក និងចែកចាយអាល់កុលមួយកន្លែង នៅសង្កាត់អូរឬស្សីទី៤ ត្រូវបានផ្អាកចរាចរ ជាបណ្តោះអាសន្ន

(ភ្នំពេញ)៖ នៅថ្ងៃពុធ ទី២ ខែឆ្នូ ឆ្នាំ២០២០ ក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ ដោយមានការសហការពីមន្ត្រីនៃនាយកដ្ឋានមន្ទីរពិសោធន៍ បាននាំយករថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន ចុះត្រួតទៅទីតាំងស្តុក និងចែកចាយអាល់កុលមួយកន្លែងមានឈ្មោះ “សេងគា” ស្ថិតនៅផ្ទះលេខ ១៥២ Eo ផ្លូវ ១០៧ ភូមិ៤ សង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាន ពីក្រុមការងារចំពោះកិច្ច ក.ប.ប. បានឲ្យដឹងថា ក្រោយពីការត្រួតពិនិត្យជាក់ស្តែង ក្រុម ក.ប.ប. បានរកឃើញមានអាល់កុលច្រកក្នុងប៊ីដុង ៣០លីត្រ សរុបចំនួន ៥០ប៊ីដុង ដែល៣៩ប៊ីដុង មានប្រភពពីសិប្បកម្មផលិតអាល់កុលក្នុងស្រុកកោះធំ និង ១១ប៊ីដុង ប្រភពពីក្រុមហ៊ុន SKD ហើយ និងស្រាអង្ករ ចំនួន ២០លីត្រ។

ក្រោយពីពិនិត្យរួច មន្រ្តីជំនាញបានសម្រេចបិតសៀលលើ ប៊ីដុងទាំងនោះ និងមិនអនុញ្ញាតឱ្យចរាចរលើទីផ្សារបណ្តោះអាសន្ន ដោយរង់ចាំលទ្ធផលវិភាគ ដែលបានបញ្ជូនមកមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប.៕

អត្ថបទដែលជាប់ទាក់ទង