«ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» ព្រះសង្ឃគង់នៅវត្តអធ្វា ត្រូវបានព្រះអនុគណក្រុងសៀមរាប មិនឲ្យនិមន្ដចេញទៅក្រៅជាបណ្ដោះអាសន្ន

(សៀមរាប)៖ ព្រះគ្រូវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះអនុគណក្រុងសៀមរាប មានថេរៈដិកាថា អាជ្ញាធរខេត្ត និង អនុគណក្រុងសៀមរាប សម្រេចមិនអនុញ្ញាតឲ្យព្រះសង្ឃគ្រប់អង្គគង់នៅវត្តអធ្វាចំនួន ២៦អង្គក្នុងក្រុងសៀមរាប និមន្ដចេញក្រៅ ឬទទួលការនិមន្តទៅសូត្រមន្តក្នុងពិធីផ្សេងៗនៅខាងក្រៅឡើយ រយៈពេល១៤ថ្ងៃ បន្ទាប់ពីគ្រួសារមួយ ដែលមានវិជ្ជមានកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានទៅរកលោកយាយក្នុងវត្ត ដើម្បីស្រោចទឹក និងចងអំបោះដៃ ទៅតាមជំនឿសាសនារបស់ខ្មែរ។

ក្នុងឱកាសនោះដែរ ព្រះគ្រូវិជ័យរង្សី បណ្ឌិត ឡាច លាង បានសំណូមពរដល់ព្រះសង្ឃនៅតាមវត្តអារាមនានា មិនគួរអនុញ្ញាតឲ្យ ភិក្ខុ សាមណេរ និមន្ដចេញក្រៅ ក្នុងករណីមិនចាំបាច់ ហើយក៏ត្រូវរៀបចំឱ្យមានកន្លែងពិនិត្យសុខភាព ត្រូវមានឧបករណ៍វាស់កំដៅ មានសាប៊ូ ជេលឬអាល់កុលសម្រាប់លាងសំអាតដៃ ត្រូវពាក់ម៉ាស ក្រម៉ា និងត្រូវរក្សាគម្លាតបុគ្គល យ៉ាងតិចឱ្យបាន១,៥០ម ។

សូមបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃទី២៩ – ៣០ ខែវិច្ឆិកា និងថ្ងៃទី០១ ខែធ្នូ សម្រាប់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ក្នុងខេត្តសៀមរាប ចំនួន ៤៩០ នាក់ ដែលបានយកសំណាកមកធ្វើតេស្ដរកមេរោគកូវីដ១៩ ហើយលទ្ធផល គឺអវិជ្ជមានទាំងអស់ ៕

អត្ថបទដែលជាប់ទាក់ទង