បង្រ្កាបទីតាំងជួញដូរផ្លូវភេទខុសច្បាប់ ជ្រកក្រោមស្លាក ម៉ាស្សា កោសជប់ និងបិទអាជីវកម្ម

(សៀមរាប)៖ លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យដឹងនាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ថា ក្នុងឆ្នាំ២០២០នេះ កម្លាំងជំនាញ សហការជាមួយអ្នកពាក់ព័ន្ធ បានចុះ​បង្រ្កាបទីតាំងជួញដូរផ្លូវភេទខុសច្បាប់ ជ្រកក្រោមស្លាក ម៉ាស្សា កោសជប់ និងបិទអាជីវកម្ម និងបានរកឃើញមានចំនួន៣ករណីមានជាប់ពាក់ព័ន្ធក្នុងករណីខាងលើ។

លោកបានបន្តទៀតថា ចំនួននេះ មានការថយចុះមួយករណី បើប្រៀបនឹងឆ្នាំ២០១៩ និងរំដោះជនរងគ្រោះបានចំនួន ០៩ នាក់ ។

លោកវរសេនីយ៍ឯក ជា ហេង បានឲ្យដឹងទៀតថា ចំពោះ៣ករណីដែលលោកបានធ្វើការបង្រ្កាបនោះ គឺឃាត់ខ្លួនជនល្មើស និងបានបញ្ជូនទៅតុលាការ ចំនួន ៣នាក់ ហើយចំពោះជនរងគ្រោះ ទាំង៩នាក់ ក្នុងនោះអនីតិជន ៤នាក់ បានប្រគល់ជូនមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដើម្បីផ្ដល់សេវាស្ដារសម្បទា ដូចជា ការផ្ដល់ជំនាញវិជ្ជាជីវៈ ជាដើម ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៩ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការបង្រ្កាប និងបិទទីតាំងអាជីវកម្ម បង្កប់សេវាកម្មផ្លូវភេទខុសច្បាប់ ក្រោមស្លាក ម៉ាស្សា កោសជប់ បានចំនួន ៤ទីតាំង និងឃាត់ខ្លួនជនបទល្មើស ចំនួន ៥នាក់ ៕

អត្ថបទដែលជាប់ទាក់ទង