ជនសង្ស័យជាជនជាតិចិនចំនួន៣នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន​ជាបន្តបន្ទាប់ ក្នុងករណីពាក់ព័ន្ឋទៅនឹងករណីឃាតកម្ម

(ព្រះសីហនុ)៖ ជនសង្ស័យជាជនជាតិចិនចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួន​ជាបន្តបន្ទាប់ ក្នុងករណីពាក់ព័ន្ឋទៅនឹងករណីឃាតកម្ម លើជនជាតិដូចគ្នា។

យោងតាមប្រភពពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីវេលាម៉ោង៨ និង៣០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ បានទទួលព័ត៌មានពីការប្រទះឃើញសាកសពក្នុងរថយន្ដHighlander ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-3012 ចតទុកចោលនៅបណ្ដោយវិថីលេខ៨៣៥ ម្ដុំគោលដៅP12 ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។ ក្រោយពេលពិនិត្យ និងកោសល្យវិច័យ ជាលទ្ធផល សាកសពនេះ ជាភេទប្រុស ជាជនជាតិចិន (មិនស្គាល់អត្ដ សញ្ញាណ) ស្លាប់ ដោយករណីឃាតកម្ម(បាក់កស្លាប់) ។

នៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ LI FENG ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន ជាសន្ដិសុខកាស៊ីណូជៀវឡុងជូរ ស្នាក់នៅកាស៊ីណូជៀវឡុងជូរ ស្ថិតក្នុងក្រុម៨ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ ខណៈពេលជននេះ រួមនឹងបក្ខពួកបម្រុងគេចខ្លួនពីកន្លែងស្នាក់នៅ ។
ក្រោយពេលសាកសួរ និងតាមការចង្អុលបង្ហាញពីសាក្សី ជនសង្ស័យខាងលើជាប់ពាក់ព័ន្ធនឹងករណី ឃាតកម្ម កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៤ និង៣០នាទីទៀបភ្លឺ នៅកាស៊ីណូជៀវឡុងជូរ ដោយរូបគេនិងបក្ខពួកបានយកសាកសពចុះពីជាន់លើនៃកាស៊ីណូ ចុះមកក្រោមដាក់ចូលក្នុងរថយន្ដម៉ាក High lander ពណ៌ស ពាក់ស្លាកលេខ៖ភ្នំពេញ2AC-3012 យកទៅប្លុងចោល ។

នៅវេលាម៉ោង១៣ និង០០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដ បន្ដប្រតិបត្ដិការ ដោយមានការដឹកនាំ និងសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បានសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅកាន់ទីតាំងកាស៊ីណូជៀវឡុងជូរ(កន្លែងកើតហេតុ) ។

ជាលទ្ធផលសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ក្នុងករណីនេះសរុបចំនួន០៣នាក់ ជនជាតិចិន០៣នាក់ (ស្រីៈ០១) ដែលក្នុងនោះមាន៖ ១-ឈ្មោះ Li Feng ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរៈសន្ដិសុខកាស៊ីណូ កាន់លិខិតឆ្លងដែនលេខ៖EE6258754 ស្នាក់នៅកន្លែងកើតហេតុ (ជាចារី) ។ ២-ឈ្មោះ Yu Yan Long ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរៈសន្ដិសុខកាស៊ីណូ កាន់លិខិតឆ្លងដែនលេខ៖EH1515086 ស្នាក់នៅកន្លែងកើតហេតុ (ជាសហចារី)។ ៣-ឈ្មោះ Tu Lin ភេទស្រី អាយុ ៤៣ឆ្នាំ ជនជាតិចិន មុខរបរៈអ្នកគ្រប់គ្រងបុគ្គលិកជនជាតិចិន កាន់លិខិត ឆ្លងដែនលេខ៖G53041257 ស្នាក់នៅកន្លែងកើតហេតុ ។(អ្នកសមគំនិត)

ចំណែកសម្ភារៈវត្ថុតាងចាប់ដកហូតបានរួមមាន៖ រថយន្ដ០១គ្រឿងម៉ាក Highlander ពណ៌ស ពាក់ស្លាកលេខ៖ភ្នំពេញ2AC-3012 (មធ្យោបាយធ្វើសកម្មភាព) , ក្បាលឌីវីអ័រ ចំនួន០២គ្រឿង (មានលេខ៖E24204346 និងលេខ៖E2420304) ,​ ហាតឌីស ចំនួន០១គ្រឿង មានលេខ៖ZGY6KRV4 , ទូរស័ព្ទដៃចំនួន ០៣គ្រឿង, លិខិតឆ្លងដែនចំនួន ០២ក្បាល(លេខ៖G53041257 និងលេខ៖EH1515086) , កាបូបស្ពាយពណ៌ខ្មៅ ចំនួន០១ , រថយន្ដ០១គ្រឿងស្ដារិក ពណ៌ខ្មៅ ពាក់ស្លាកលេខ៖ភ្នំពេញ2AZ-9280

បច្ចុប្បន្នជនសង្ស័យរួមទាំងសម្ភារៈវត្ថុតាង សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ កំពុងបំពេញនីតិវិធី ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្ដចាត់ការបន្ដតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង