គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធំជាមួយកង់បណ្តាលឱ្យអ្នកជិះកង់ហាត់ប្រាណម្នាក់របួសបាក់ជើង

(កណ្តាល) ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើងកាលពីថ្ងៃសុក្រទី០៤ ខែធ្នូឆ្នាំ២០២០ វេលាម៉ោង០៦និង៣០នាទីព្រឹក ត្រង់ចំណុចខាងមុខច្រកចូលបន្ទាយសុវត្ថិភាព K12 លើផ្លូវជាតិលេខ២១ ស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្ដាល រវាងរថយន្តធំជាមួយកង់បណ្តាលឱ្យអ្នកជិះកង់ហាត់ប្រាណម្នាក់របួសបាក់ជើង ។

សមត្ថកិច្ចនិយាយថា ភាគីរថយន្តម៉ាកASIA GRANTO ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3B-3634 អ្នកបើករថយន្តឈ្មោះ ផួយ វណ្ណៈ ភេទប្រុស អាយុ២៥ ឆ្នាំ មានទីលំនៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល (ឃាត់ខ្លួន)។

រថយន្តបានបើកតាមផ្លូវជាតិលេខ២១ ទិសដៅពី ត្បូងទៅជើង មកដល់ចំណុចកើតហេតុខាងលើ បានដាច់ហ្រ្វាំងរួចរេចង្កូតមកឆ្វេង ក៏បានបុកជាមួយកង់មួយគ្រឿងម៉ាកGIANT ពណ៌ខ្មៅ អ្នកជិះកង់ហាត់ប្រាណឈ្មោះ អ៊ុក រ៉ាស៊ី ភេទប្រុស អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញរងរបួសបាក់ភ្លៅខាងស្ដាំ ត្រូវបានមិត្តភក្តិដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ ដែលកង់ជិះក្នុងទិសដៅពីត្បូងទៅជើងស្របទិសគ្នា ។

សមត្ថកិច្ចបញ្ជាក់ថា ចំពោះមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុក បណ្ដោះ អាសន្ន នៅអធិការដ្ឋាន ប៉ូលិសក្រុងដើម្បី ចាត់ការ តាមនីតិវិធី។មូលហេតុមកពី អ្នកបើកបររថយន្តបើកបរខ្វះការប្រុងប្រយ័ត្ន មិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវមុននឹងចេញដំណើរ ទើបបណ្ដាលឱ្យដាច់ហ្រ្វាំងរេចង្កូតទៅបុកអ្នកជិះកង់ទាំងកម្រោល៕     

អត្ថបទដែលជាប់ទាក់ទង