(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល រកឃើមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួនម្នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៌សហគមន៌ ២៨វិច្ឆិកា និងមានករណីជាសះស្បើយម្នាក់ដូចគ្នា។
សូមបញ្ជាក់ផងដែរថាករណីវិជ្ជមានខាងលើ ជាបុរសជនជាតិខ្មែរ ឈ្មោះ សាយ សៅលាង អាយុ ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យរាជធានីភ្នំពេញ ដែលជាបុគ្គលិកហាង Carl’s Jr Burger ទួលទំពូង ធ្លាប់រស់នៅជាមួយអ្នកជំងឺឈ្មោះ ញិល សុខកូឡាភេទប្រុសអាយុ ២២ មុនថ្ងៃទី ២៨ ខែវិច្ឆិកា ២០២០ ដែលធ្វើការនៅ Pedro ផ្លូវព្រះសីហនុ និងបានរកឃើញមានវីរុសកូវីដ-១៩ នៅថ្ងៃទី ០៣ ខែធ្នូឆ្នាំ ២០២០។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលខាងលើនេះ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជារាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ -១៩ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ។
តាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកនេះ «ព្រឹត្តិការណ៌សហគមន៌ ២៨វិច្ឆិកា» រកឃើញមានអ្នកឆ្លង សរុប ៣០នាក់ហើយ។
ក្រសួងសុខាភិបាល រហូតមកដល់ពេលនេះ បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ៣៤៦ករណី ក្នុងនោះអ្នកជំងឺ៣០៦ បានជាសះស្បើយ។
ដោយឡែកអ្នកជំងឺដែលនៅសល់ កំពុងដាក់ឲ្យសម្រាកព្យាបាលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
សូមអានព័ត៌មានលម្អិត ស្តីពី ករណីលើកដំបូងនៃការចម្លងចូលសហគមន៌ មានភ្ជាប់ជូនខាងក្រោមនេះ ៖