(អន្តរជាតិ)៖ ក្រុមអ្នកតវ៉ារាប់ពាន់នាក់ បាននាំគ្នាចេញដើរតាមដងផ្លូវប្រឆាំងទៅនឹងរដ្ឋាភិបាលបារាំង ដែលបានព្រៀងសេចក្តីស្នើច្បាប់ដ៏ចម្រូងចម្រាស់មួយ ដែលនៅទីបំផុតការតវ៉ានេះបានក្លាយទៅជាអំពើហឹង្សាដ៏ឃោរឃៅ ដោយមានការដុតបំផ្លាញរថយន្ត អាគារ ការបំផ្លិចបំផ្លាញដោយវាយបំបែកបង្អួចផ្ទះនិងឈានទៅដល់ប៉ះទង្គិចជាមួយប៉ូលីស។ ក្រុមប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករ។
ពួកបាតុករ បាននាំគ្នាចេញដំណើរពីទីក្រុងកំពុងផែ Porte des Lilas ដែលនៅភាគពាយព្យនៃទីក្រុងប៉ារីស កាលពីថ្ងៃសៅរ៍ (ម៉ោងនៅប្រទេសបារាំង) ហើយបន្តដំណើរមកទីលាន the Place de la Republique នៅកណ្តាលទីក្រុងប៉ារីស។ ពួកបាតុករ បានសំដែងការខឹងសម្បារចំពោះការប្រើអំពើហង្សារបស់ប៉ូលីសកាលពីគ្រាកន្លងមក និងពង្រាងច្បាប់ថ្មីរបស់លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ដែលមានគោលដៅការពារនយោបាយសន្តិសុខរបស់ប៉ូលីស។ ពួកបាតុករ បានស្រែកពាក្យស្លោកថា ប្រទេសបារាំង ជាទឹកដីសម្រាប់តែសិទ្ធិប៉ូលីស ដកចេញវិញទៅច្បាប់សន្តិសុខស្អីគេនោះ។ នៅពេលដែលហ្វូងបាតុករស្រែកថា គ្រប់ៗគ្នាស្អប់ប៉ូលីសណាស់ និងថា ប្រឆាំងមូលធននិយម អ្នកខ្លះក៏បានគ្រវែងដុំថ្មទៅលើកញ្ចក់ហាងនិងគេហដ្ឋាននានា ព្រមទាំងផ្សារទំនើប ទីភ្នាក់ងារអចលនទ្រព្យ និងធនាគារជាដើម។
យោងតាមច្បាប់ថ្មីនេះ មិនអនុញ្ញាតឲ្យមានការថតរូបប៉ូលីស ក្នុងពេលបំពេញបេសកកម្ម ហើយបង្ហោះនោះទេ ដែលច្បាប់នេះត្រូវបានគេគ្រោងឡើងក្រោយពីមានការថតនិងបង្ហោះរូបភាពប៉ូលីសស្បែកសប្រកាន់ពូជសាសន៍បានវាយធ្វើបាបអ្នកចម្រៀងស្បែកខ្មៅម្នាក់ និងបង្កឲ្យមានការតវ៉ាទូទាំងប្រទេសនាពេលកន្លងមក៕