បើកម៉ូតូបុកឡានដឹកដែក​ ​បណ្តាលអោយនារីម្នាក់បានស្លាប់ និង ម្នាក់ទៀតរងរបួស

(កណ្តាល) ៖ នារីម្នាក់បានស្លាប់ និង ម្នាក់ទៀតរងរបួសបន្ទាប់មានរថយន្តមួយគ្រឿង ដឹកដែកពុម្ពវែងលយចេញក្រៅជាង៤ម៉ែត្ររួចបត់ឆ្លងផ្លូវក៏ត្រូវម៉ូតូរងគ្រោះ ជ្រុលបុកដែកលយនោះ កាលពីវេលាម៉ោង៦និង១០នាទីព្រលប់ ថ្ងៃសៅរ៍ ទី៥ ខែធ្នូ ឆ្នាំ២០២០ត្រង់ចំណុចមុខ សិប្បកម្មធ្វើសសរគ្រឹះ តាមបណ្តោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៦និង១៧ នៅខាងលិចផ្សារផ្លាហ្សាគៀនស្វាយ ប្រមាណ៥០ម៉ែត្រ នៅក្នុងភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះដែលស្លាប់ឈ្មោះ សេក ស៊ូហៃឡា  ភេទស្រី អាយុ២៣ឆ្នាំ ធ្វើការនៅម៉ាត២៥០០ មុខមន្ទីរពេទ្យរុស្ស៊ី មានស្រុកកំណើត ពង់ត្របែក ខេត្តព្រៃវែង ជាម្ចាស់ម៉ូតូ និងជាអ្នកឌុបម៉ូតូ ម៉ាកMSX ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1DE-1515និង ជនរងគ្រោះដែលរបួសឈ្មោះ សុឹម ល័ក្ខ ភេទស្រី អាយុ១៧ឆ្នាំ ចំណែករថយន្តម៉ាក FUSO ក្បាលពណ៌សលាយខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-3903 ជាប្រភេទរថយន្តស្ទូច អ្នកបើករថយន្ត មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញរថយន្តស្ទូច ដឹកដែកពុម្ព ចាក់សសរគ្រឹះ បើកតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចមកកើត។ ខណ:មកដល់ចំណុច កើតហេតុ បានបត់ឆ្វេងដៃ កំពុងតែបត់ក៏ស្រាប់តែ មានម៉ូតូនារីរងគ្រោះ មកពីកើតមកលិច យ៉ាងលឿន មកបុកចំដែកពុម្ព ចាក់សសរគ្រឹះ ដែលលយចេញពីរថយន្តប្រវែង៤ម៉ែត្រនោះ បណ្ដាលឱ្យបោកក្បាលស្លាប់ម្នាក់ ឯម្នាក់ទៀតរងរបួសល្មមបែកមុខ។ ចំណែករថយន្ត បានបើកចូលក្នុងសិប្បកម្មចាក់សសរគ្រឹះ ទុករថយន្តចោល ហើយតៃកុងបានបើកទ្វាររត់បាត់តែម្តង ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ ចុះមកដល់វាស់វែងបានយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅស្រុកកៀនស្វាយរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសាកសពត្រូវសាច់ញាតិ ដឹកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕

 

អត្ថបទដែលជាប់ទាក់ទង