ព្រះសង្ឃខ្មែរចំនួន៤អង្គ បានលួចឆ្លងដែនគ្មានច្បាប់អនុញ្ញាតតាមច្រកស្រងាំ ខេត្តឧត្តរមានជ័យ

(ឧត្តរមានជ័យ) ៖ ព្រះសង្ឃខ្មែរចំនួន៤អង្គ កាលពីថ្ងៃទី៩ ខែធ្នូ បានលួចឆ្លងដែនគ្មានច្បាប់អនុញ្ញាតតាមច្រកស្រងាំ ខេត្តឧត្តរមានជ័យ ចូលទៅក្នុងខេត្ត ស៊ីសាកេត ហើយបន្តដំណើរទៅកាន់ខេត្ត អ៊ូប៊ុន រ៉ាតថានី ត្រូវកម្លាំងតម្រួតថៃចាប់ខ្លួន ពីបទលួចឆ្លងដែនខុសច្បាប់ ប៉ុន្តែត្រូវព្រះសង្ឃទាំង ៤ អង្គ ដោះសារថា ការដែលគេចចេញពីប្រទេសកម្ពុជានេះ គឺក្នុងគោលបំណងគេចពីមេរោគ កូវីដ-១៩ តែប៉ុណ្ណោះ ។ នេះបើយោងតាមព័ត៌មានពីសមត្ថកិច្ចខេត្តឧត្តមប្រាប់អង្គភាពសារព័ត៌មាន អោយដឹងនៅរសៀលថ្ងៃទី១០ ខែធ្នូនេះ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានបន្តថា៖ ការឃាត់ខ្លួនព្រះសង្ឃខ្មែរចំនួន៤អង្គ ខណៈដែលព្រះសង្ឃទាំងអស់ កំពុងឈរនៅលើចិញ្ចើមថ្នល់ខាងមុខវត្ត បានពោធិមូល ក្នុងឃុំខាំណាំសែប ស្រុកវ៉ារិន សាំរ៉ាប ខេត្តអ៊ូប៊ុន រ៉ាតថានី ប្រទេសថៃ ។

ប្រភពពីសមត្ថកិច្ចបានបន្តថា បន្ទាប់ពីក្រុមតម្រួតថៃបាននាំព្រះសង្ឃទាំង៤អង្គ ទៅកាន់ស្ថានីយ៍តម្រួតដើម្បីត្រួតពិនិត្យ និងសាកសួរ ទើបដឹងថា គ្មានព្រះសង្ឃអង្គណាមានលិខិតឆ្លងដែនត្រឹមត្រូវនោះទេ គឺមានតែឆាយា សម្រាប់សម្គាល់ខ្លួនព្រះអង្គរៀងៗខ្លួនរបស់ប្រទេសកម្ពុជា តែប៉ុណ្ណោះ ដោយព្រះសង្ឃទាំងអស់ មានព្រះនាម រ៉ុង ព្រះជន្ម ៣៥ វស្សា ព្រះនាម ធី ព្រះជន្ម ២៩ វស្សា ព្រះនាម ហុង ព្រះជន្ម ២១ វស្សា និង ព្រះនាម ឡត ព្រះជន្ម ២១ វស្សា ។

ក្រោយពីបានសាកសួរ ព្រះសង្ឃទាំង៤ អង្គ បានសារភាពថា ដោយសារបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា មានជំងឺ កូវីដ-១៩ ផ្ទុះឡើង ទើបលោកនាំគ្នាលួចឆ្លងដែនចូលទៅក្នុងប្រទេសថៃ គឺចេញពីខេត្ត ឧត្តរមានជ័យ ឆ្លងចូលទៅខេត្តស៊ីសាកេត ហើយបានជិះឡានក្រុងទៅកាន់ខេត្ត អ៊ូប៊ុន រ៉ាតថានី ដោយត្រៀមបន្តដំណើរទៅកាន់ខេត្ត មុខដាហាន តែត្រូវកម្លាំងតម្រួតថៃឃាត់ខ្លួនតែម្តង ។​ បច្ចុប្បន្នសមត្ថកិច្ចថៃ កំពុងបន្តនីតិវិធីតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង