យុវជនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូគេបញ្ឈរទុកមុខផ្ទះ ហើយជិះរត់គេចខ្លួន

(ស្វាយរៀង)៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូគេបញ្ឈរទុកមុខផ្ទះ ហើយជិះរត់គេចខ្លួន តែព្រះមិនជួយទើបជាប់ខ្នោះសមត្ថកិច្ច។

យោងតាមសមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៧និង១៥នាទី នៅត្រង់ចំណុចផ្ទះរបស់ឈ្មោះ មាស សុណាង ភេទស្រី អាយុ៣១ ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀងក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ករណីលួច(ម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននេះ ដែលបង្កដោយជនសង្ស័យម្នាក់ឈ្មោះ ញ៉ាញ់ សារ៉ានពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-សង្កាត់កើតហេតុខាងលើ បានធ្វើសកម្មភាព ដើរចូលទៅក្នុងផ្ទះរបស់ឈ្មោះ មាស សុណាង លួចយកម៉ូតូមួយគ្រឿង ម៉ាកនិចពណ៍ស ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាក់លេខ ស្វាយរៀង 1I 4777 ជាកម្មសិទ្ធិរបស់ឈ្មោះ មាស សុណាង ដែលបញ្ឈរទុកនៅខាងមុខផ្ទះ និងមានជាប់ចង្កឹះសោរ។

ប្រភពបានបន្តទៀតថា ក្រោយពីធ្វើសកម្មភាពរួចបានជិះគេចខ្លួនទៅទិសខាងលិចបាត់មួយសន្ទុះ ក្រោយមកឈ្មោះ មាស សុណាង បានដឹងថា ខ្លួនបាត់ម៉ូតូ ក៏ឆែកកាម៉េរ៉ាសុវត្ថិភាពមើល ទើបឃើញឈ្មោះ ញ៉ាញ់ សារ៉ានពិសិដ្ឋ លួចយកនិងជិះចេញទៅទិសខាងលិច ហើយក៏បានមកដាក់ពាក្យប្តឹងអោយសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

ក្រោយពីទទួលពាក្យបណ្តឹងភ្លាមកម្លាំងជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ឃាត់ខ្លួនជនសង្ស័យខាងលើបាននៅខាងកើតស្ពានពោធិហោ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ពោធិហោ និងបានប្រគល់អោយកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀងធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ញ៉ាញ់ សារ៉ានពិសិដ្ឋ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកម៉ូតូរបស់ឈ្មោះ មាស សុណាង ប្រាកដមែន។

បន្ទាប់ពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ញ៉ាញ់ សារ៉ានពិសិដ្ឋ រួចមកសមត្ថកិច្ចយើង បានរាយការណ៍ជូនឯកឧត្តមព្រះរាជអាជ្ញា ដើម្បីធ្វើការឃាត់ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីនៃច្បាប់៕

អត្ថបទដែលជាប់ទាក់ទង