អ្នកនាំពាក្យ៖ ករណីបុរសធ្វើចត្តាឡីស័កនៅសណ្ឋាគារ «ឡុង លីវ» លោតពីជាន់ទី៥ កាលពីថ្ងៃទី១០ គាត់មានលទ្ធផលតេស្តអវិជ្ជមាន វីរុសកូវីដ-១៩

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ បានធ្វើការបកស្រាយ ពន្យល់ទៅកាន់អង្គភាពសារព័ត៌មានឲ្យបានជ្រាប អំពីករណីបុរសម្នាក់ បានធ្លាក់ពីលើសណ្ឋាគារ «ឡុង លីវ»។ ដោយលោកស្រីអ្នកនាំពាក្យបានថ្លែងយ៉ាងដូច្នេះថា៖ ដោយសារមានការសាកសួរច្រើនលើករណីបុរសធ្វើចត្តាឡីស័ក នៅសណ្ឋាគារ «ឡុង លីវ» បានលោតពីជាន់ទី៥មក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ហើយកំពុងតែសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខ្ញុំសូមជម្រាបជូនសាធារណជនឲ្យបានជ្រាប។

អ្នកនាំពាក្យក្រសួងសុខាភិបាល បានបន្តថា បុគ្គលនេះកំពុងតែសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបច្ចុប្បន្នបានដឹងខ្លួន  និងនិយាយបានខ្លះៗហើយ តែស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរនៅឡើយទេ។ តាមការសាកសួរបុគ្គលនេះផ្ទាល់ គឺគាត់ភ្លាត់ជើងធ្លាក់មក ដោយសារភាពរវើយរវាយរបស់គាត់ ដែលជាឥទ្ធិពលនៃការប្រើប្រាស់គ្រឿងថ្នាំញៀន។ ម្យ៉ាងក៏មានការពាក់ព័ន្ធទៅលើបញ្ហាជំពាក់លុយគេច្រើន ដែលពាក់ព័ន្ធនឹងគ្រឿងញៀននេះ។ ការធ្វើតេស្តទឹកនោមគាត់ គឺឃើញមានសារធាតុញៀនប្រភេទអំហ្វេតាមីន។ គាត់មានលទ្ធផលតេស្តអវិជ្ជមាន វីរុសកូវីដ-១៩ តែតម្រូវឲ្យធ្វើចត្តាឡីស័កបន្ត នៅសណ្ឋាគារ «ឡុង លីវ» តាំងពីថ្ងៃទី២ ខែធ្នូមកម្ល៉េះ។

ដូច្នេះ ជារឿងផ្ទាល់ខ្លួនគាត់ មិនមានពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ នោះឡើយ៕ សូមអរគុណ!!!

អត្ថបទដែលជាប់ទាក់ទង