គាស់ផ្ទះអ្នកលក់ទូរស័ព្ទ គាប់ជួនម្ចាស់ចេញមកទាន់ រត់ផ្លោះរបង ដេញចាប់បានម្នាក់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាគាស់ផ្ទះ លួចទ្រព្យសម្បត្តិម្នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋដេញព័ទ្ធចាប់ខ្លួនបានភ្លាមៗប្រគល់ឲ្យសមត្ថកិច្ច ក្រោយពីធ្វើសកម្មភាពគាស់ផ្ទះអ្នកលក់ទូរស័ព្ទ ចូលដល់ក្នុងហើយ យកទូរ័ព្ទមិនទាន់បានផង គាប់ជួនម្ចាស់ងើបចេញមកទាន់ ស្រែកឆោឡោ ផ្អើលព្យាយាមរត់គេច កាលពីវេលាម៉ោង៣និង២៥នាទីរសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រត់គេចទៅចាប់បានផ្ទះផ្ទះឡ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យឈ្មោះ មុិញ ស៊ូ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ។ ចំណែកជនរងគ្រោះ ជាម្ចាស់ផ្ទះ មានឈ្មោះ យ៉ាន់ សុីហ្គ្រិច ភេទស្រី អាយុ២១ឆ្នាំ មុខរបរ លក់ទូរស័ព្ទ នៅផ្ទះកើតហេតុ ស្នាក់នៅកន្លែងកើតហេតុ ។

តាមសម្តីស្ត្រីរងគ្រោះ បានឲ្យដឹងថា ផ្ទះគាត់ថ្ងៃនេះមិនបានបើកលក់ដូរទេ ដោយបិទទ្វារ ហើយមុនកើតហេតុគាត់ដេកសម្រាកនៅបន្ទប់ខាងក្រោយ ស្រាប់តែនៅវេលាខាងលើ ឮសូរសម្លេងរើកកាយ ទូ ដាក់ទូស័ព្ទ ទ្វារដាក់គន្លឹះសោះ សងស័យងើបចេញមកមើល ស្រាប់តែប្រទះឃើញជនសង្ស័យកំពុងនៅក្នុងផ្ទះទៅវិញ ទើបស្រែកឆោឡោ ជនសង្ស័យភ័យស្លន់ស្លោ ស្ទុះរត់គេច ផ្លោះរបង ចូលទៅផ្ទះឡ ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ពលរដ្ឋនាំគ្នារត់ដេញតាមព័ទ្ធចាប់ខ្លួនបានភ្លាមៗ ។

តាមសម្តីជនសង្ស័យឆ្លើយដោះសារថា គាត់បើកទ្វារចូលទៅរកមិត្តភ័ក្រ គ្មានចេតនាចូលលួចឡើយ ។

តែទោះជាយ៉ាងណាក្តី បងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា ជនសង្ស័យរូបនេះ មុខហ្នឹង ចំនួន៥លើកមកហើយ ដើរធ្វើសកម្មភាពគាស់បន្ទប់ តែរត់គេចខ្លួនបានរហូត ទើបលើកនេះតាមទាន់ចាប់បាន ។

ជនសង្ស័យក្រោយពីចាប់ខ្លួនបាន សមត្ថកិច្ចនាំយកទៅសាកសួរ នៅប៉ុស្តិ៍ស្ទឹងមានជ័យ៣ តែដោយសារខាងម្ចាស់ផ្ទះមិនបានប្តឹងផ្តល់ ហើយក៏មិនទាន់លួចរបស់បានដែរ សមត្ថកិច្ចសុំសុីផុយមួយហើយ ឲ្យឪពុកម្តាយជនសង្ស័យមកធានាយកទៅវិញ ។

អត្ថបទដែលជាប់ទាក់ទង