ប្រជាពលរដ្ឋប្រមាណ៧៥គ្រួសារមកពីសង្កាត់ចំនួន៣ នៃក្រុងបូកគោ ខេត្តកំពត មកតវ៉ានៅមុខសាលាក្រុង ក្នុងគោលបំណងសំណូមពរដល់អាជ្ញាធរ ជួយរកដំណោះស្រាយ ដើម្បីកាត់ឆ្វៀលដីដែលពួកគាត់ធ្លាប់កាន់កាប់អាស្រ័យផលកន្លងមក !!

 

ខេត្តកំពត៖ ប្រជាពលរដ្ឋប្រមាណ៧៥គ្រួសារមកពីសង្កាត់ចំនួន៣ នៃក្រុងបូកគោ ខេត្តកំពត មកតវ៉ានៅមុខសាលាក្រុង ក្នុងគោលបំណងសំណូមពរដល់អាជ្ញាធរ និងជំនាញ គ្រប់ជាន់ថ្នាក់ ក្នុងខេត្តកំពត ជួយរកដំណោះស្រាយ ដើម្បីកាត់ឆ្វៀលដីដែលពួកគាត់ធ្លាប់កាន់កាប់អាស្រ័យផលកន្លងមក ដែលមានទីតាំងជាប់ជើងភ្នំបូកគោ។

តាមការបញ្ជាក់ពីស្ត្រីដែលជាតំណាងប្រជាពលរដ្ឋ៧៥គ្រួសារ ដែលមកពីសង្កាត់ព្រែកត្នោត សង្កាត់កោះតូច និងសង្កាត់បឹងទូក បានអះអាងថា ដីដែលពួកគាត់ទាំងអស់គ្នាធ្លាប់អាស្រ័យផលស្ថិតជើងភ្នំបូកគោតាំងពីឆ្នាំ១៩៩៦ ពេលនេះត្រូវបានក្រុមហ៊ុនយកគ្រឿងចក្រមកឈូសឆាយរំលោភយកអស់ទៅហើយ ដោយការឈូសឆាយដោយគ្មានក្រែងរអែងចិត្តបែបនេះ ព្រោះតែខាងក្រុមហ៊ុន និងជំនាញបានអះអាងថា ដីដែលពួកគាត់ធ្លាប់អាស្រ័យផលគឺជាដីឧទ្យានជាតិគ្រប់គ្រងដោយជំនាញបរិស្ថាន។

ស្ត្រីតំណាងពលរដ្ឋខាងលើបានបន្តថា អ្វីដែលពួកគាត់មិនអស់ចិត្ត ថែមទាំងទទួលយកមិនបាននោះ បន្ទាប់ពីបានកាន់កាប់អាស្រ័យផលនោះមក ត្រូវបានអាជ្ញាធរភូមិ ឃុំ ទទួលស្គាល់ថែមទាំងមានប្រថាប់ត្រាពីលោកមេឃុំផងដែរ តែពេលនេះបែរជាលែងទទួលស្គាល់និងថែមទាំងនិរាករណ៍ចោលទៅវិញ។
ចំពោះករណីក្រុមហ៊ុនឈូសឆាយរំលោភយកដីដូចខាងលើនេះ ប្រជាពលរដ្ឋទាំង៧៥គ្រួសារ ដែលមកពីសង្កាត់ចំនួន៣ គឺសង្កាត់ព្រែកត្នោត សង្កាត់កោះតូច និងសង្កាត់បឹងទូក សូមលើកដៃសំពះអង្វរដល់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ មេត្តាជួយរកដំណោះស្រាយដល់ពួកគាត់ដែលជាអ្នករងគ្រោះទាំង៧៥គ្រួសារនេះផង៕

អត្ថបទដែលជាប់ទាក់ទង