ទស្សនៈ៖ តើការអនុវត្តច្បាប់ចារាចរណ៍គឺខ្លាចប៉ូលីសផាកពិន័យ ឬនាំគោរពច្បាប់ ឲ្យមានសីលធម៌និងការយោគយល់គ្នានៅលើដងផ្លូវ

(ភ្នំពេញ)៖ ថ្ងៃទី១ខែឧសភាឆ្នាំ២០២០ ជាថ្ងៃកំណត់ដែល សមត្ថកិច្ចផ្តើមអនុវត្តវិធានការរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសការឹតបណ្តឹងលើការអនុវត្តអនុក្រឹត្យថ្មីស្ដីពីការផាកពិន័យចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលមានការបង្កើនកម្រិតទឹកប្រាក់ផាកពិន័យលើបទល្មើសចរាចរណ៍នានា។

ប្រជាពលរដ្ឋហាក់បានដឹងពីវិធានរឹតបណ្តឹងនេះហើយបានព្រួយបារម្ភពីការផាកពិន័យរបស់មន្រ្តីចរាចរណ៍។ បើតាមការសង្កេត ពលរដ្ឋបានជជែកគ្នាច្រើន ពីការដាក់ឯកសារតាមខ្លួន ដូចជាប័ណ្ណបើកបរ ឯកសារត្រួតពិនិត្យគុណភាពយានយន្ត ឯកសារកម្មសិទ្ធយានជំនិះជាដើម។ ពលរដ្ឋខ្លះបានព្រួយបារម្ភពីការដែលគ្មានឯកសារទំាងនោះ អ្នកខ្លះថាបានបាត់ឯកសារនេះ បាត់ឯកសារនោះ ហើយនាំគ្នាខ្លាចប៉ូលីសផាកពិន័យប្រាក់។ ពួកគាត់ហាក់មិនបាននិយាយដល់ ពីការដែលត្រូវ នាំគ្នាធ្វើដំណើរប្របកដោយការគោរពចបច្បាប់ គោរពភ្លើងសញ្ញា គោរពស្លាកសញ្ញាលើដងផ្លូវ គោរពមន្រ្តីចចារណ៍ ឬគោរព និងយោគយល់ចំពោះអ្នកធ្វើដំណើរលើដងផ្លូវដូច ដែលជាកក្តានាំមកនូវសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរពេលធ្វើដំណើរនោះឡើយ។

ជាការពិតណាស់ការដាក់ប័ណ្ណបើកបរជាប់ខ្លួន ការដាក់ប័ណ្ណសម្គាល់យានជំនិះជាប់ខ្លួន ជាការសំខាន់ពីព្រោះវាបញ្ជាក់ពីភាពស្របច្បាប់របស់យើងនៅក្នុងការធ្វើដំណើរលើដងផ្លូវ ពិសេសដូចជាប័ណ្ណបើកបរជាដើមនោះ គឺដាច់ខាចយើងត្រូវដាក់ជាប់ខ្លួន វាបញ្ជាក់យើងថាបានគោរពប្រតិបត្តិតាមច្បាប់។ ច្បាប់បានតម្រូវឲ្យយើងចូលសាលារៀនបើកបរជាមុន មុនកាន់ចង្កូតរថយន្ត ដូច្នេះគ្មាននណាម្នាក់ដែលមិនបានចូលសាលាហើយទៅបើកបរនោះ។

ជាមួយគ្នានេះ គួរជម្រាបថាគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យពលរដ្ឋកម្ពុជាបាត់បង់ជីវិតនៅលើដងផ្លូវក្នុងមួយថ្ងៃៗ ជាង៥នាក់ ដែលនាំឲ្យកើតជាក្តីបារម្ភធំមួយរបស់សង្គមជាតិ និងជាកក្តាជំរុញ ឲ្យមានការរឹតបណ្តឹងច្បាប់ចរាចរណ៍នាពេលនេះនោះ មិនមែនបណ្តាលមកពីការរខ្វះឯកសារនៅពេលបើកបរនោះទេ។ គ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនបណ្តាលមកពីការបើកបរដោយមិនគោរពគោច្បាប់ចរាចរណ៍ ដូចជាករណីបើកពេលស្រវឹង ដែលតាមច្បាប់ ច្បាប់បានហាមបើស្រវឹងកុំបើកបរ។ គ្រោះថ្នាក់ចរាចរណ៍មួយចំនួនធំទៀតគឺបើកបរលឿនហួសកំណត់ ករណីខ្លះទៀតដែលបណ្តាលឲ្យមានមនុស្សស្លាប់នៅលើដងផ្លូវ គឺមកពីយានជំនិះកែច្នៃ យានយន្ត មិនបានត្រូតពិនិត្យលក្ខណៈបច្ចេកទេសត្រឹមត្រូវជាដើម។

ដូច្នេះដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ ដែលនាំឲ្យពលរដ្ឋបាត់បង់អាយុជីវិត រាល់ថ្ងៃនោះ និងដើម្បីបង្ហាញឲ្យអន្តរជាតិឃើញពីសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋខ្មែរនៅលើដងផ្លូវ គួរនាំគ្នាគោរពច្បាប់ចរាចរណ៍ គោរពនិងយោគយល់អ្នកធ្វើដំណើររួមគ្នាជាជាងការស្វែងរកឯកសារ ដាក់ជាប់ខ្លួនហើយមិនផ្លាស់ប្តូរឥរិយាបថពលបើកបរនោះ។ គោរពជម្រាប់ថាការដាក់ឯកសារបើកបរជាប់ខ្លួនពេលបើកបរក៍ជាការគោរពច្បាប់ចរាចរណ៍ផងដែរ មិនមែនជាបន្ទុកនោះឡើយ។

សូមពលរដ្ឋទំាងអស់គ្នាចូលទៅមើលប្រសាសន៍ណែនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលសម្តេចបានលើកឡើងនៅក្នុងទំព័រ Facebook ផ្ទាល់ខ្លួន របស់សម្តេចថា «សមត្ថកិច្ចនឹងមិនឃាត់ដំណើរបងប្អូនជនរួមជាតិដែលធ្វើដំណើរប្រកបដោយការគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទេ។ បងប្អូនអ្នកត្រឹមត្រូវគឺអាចធ្វើដំណើរបានដោយរលូន លើកលែងតែបានធ្វើដំណើរដោយបំពានច្បាប់ ត្រង់ចំណុចណាមួយ ដូចជាមិនពាក់មួកសុវត្ថិភាព ឬបំពានភ្លើងសញ្ញា ទើបសមត្ថកិច្ចឃាត់មិនឱ្យធ្វើដំំណើរ ហើយចាប់ផ្ដើមសួរនាំរកឯកសារ “។

ប្រសាសន៍ខាងលើរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គឺបានបញ្ជាក់យ៉ាងច្បាស់ហើយថា ការគោរពច្បាប់ចរាចរណ៍នៅពេលបើកបរគឺមានសារៈសំខាន់ណាស់ក្នុងការរក្សាជីវិត រក្សាសេចក្តីថ្លៃថ្នូ និងជៀសវាងបានការខាតពេលវេលា ខាតថវិកា ដោយសារសមត្ថកិច្ចសួរនាំ និងផាកពិន័យនោះ។

សូមចងចំាការគោរពច្បាប់ចរាចរណ៍គឺការធ្វើដំណើរដងផ្លូវការពារដោយច្បាប់ ដោយសារយើងបានគោរពតាមច្បាប់កំណត់ មានឯកសារគ្រប់គ្រាន់នៅពេលបើកបរ ពិសេសបានបំពេញកាតព្វកិច្ច គឺបានចូលសាលារៀនបើកបរ បានត្រួតពិនិត្យយានយន្តតាមបច្ចេកទេស ហើយនៅពេលបើកបរ មានសីលធម៌ យោគយល់គ្នាជានិច្ច៕

អត្ថបទដែលជាប់ទាក់ទង