ខ្លាចប្រជាពលរដ្ឋខ្វះទឹកប្រើ អភិបាលស្រុកវ័យក្មេង ឃឹម ហ្វីណង់ បង្កើតគំរោង “ស្រះសហគមន៍” ដើម្បីបញ្ចប់បញ្ហាខ្វះទឹកប្រើប្រាស់នៅក្នុងភូមិ

យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ បានឲ្យដឹងថា «ស្រះសហគមន៍»ដ៏ធំមួយនឹងត្រូវចាប់ផ្តើមជីកនៅក្នុងវត្តព្រៃជាំ ដើម្បីដោះស្រាយជាបឋមទៅលើបញ្ហាខ្វះខាតទឹកធ្ងន់ធ្ងររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិត្រពាំងថ្ម។

ក្រោយពីបានសិក្សាល្អិតល្អន់ ពីលក្ខខណ្ឌបច្ចេកទេសនិងទំហំនៃតម្រូវការទឹកប្រើប្រាស់ទឹក ក្រុមការងារបានរៀបចំធ្វើពិធីក្រុងពាលីសុំសេចក្តីសុខ បើកការដ្ឋានជីកស្រះទំហំ ៧០ម៉ែត្រគុណនឹង១២០ម៉ែត្រ ដោយមានជម្រៅ៦ម៉ែត្រ ដាំស្មៅជើងទេរទប់ដី មានផ្លូវ៤ម៉ែត្រព័ទ្ធជុំវិញ និងជណ្តើរបេតុងផងដែរ។

សូមបញ្ជាក់ថា ការចំណាយទៅលើការជីកស្រះសហគមន៍ដ៏ធំមួយនេះ ត្រូវបានចូលរួមឧបត្ថម្ភយ៉ាងច្រើនកុះករ ពីសំណាក់សប្បុរសជនផ្សេងៗគ្នា ដែលរហូតមកដល់ពេលនេះ មានដូចជា ការផ្តល់អោយខ្ចីគ្រឿងចក្រអេស្កាចំនួន៤គ្រឿង ឡានដឹកដី១០គ្រឿង ម៉ាស៊ីនបូមទឹក ឧបត្ថម្ភប្រេងម៉ាសូត កំលាំងពលកម្មស្ម័គ្រចិត្ត និងថវិកាមួយចំនួនទៀតផង។

ពន្លកថ្មីនៃក្តីសង្ឃឹមរបស់ប្រជាជនទាំង២៤៥គ្រួសារចាប់ផ្តើមដុះរីកលូតលាស់ពីថ្ងៃនេះហើយ។ សូមកុសលផលបុណ្យដែលបានមកពីការចូលរួមជីកស្រះសហគមន៍មួយនេះ បានទៅដល់សប្បុរសជនទាំងអស់ដែលបានមើលឃើញពីការលំបាក និងមានចិត្តចង់ចូលរួមជួយដោះស្រាយបញ្ហារបស់អ្នកភូមិ។ រដ្ឋបាលស្រុកនឹងបន្តកៀងគរ និងស្វែងរកដំណោះស្រាយផ្សេងបន្ថែមទៀត ដើម្បីបញ្ចប់បញ្ហាខ្វះខាតទឹកទាំងស្រុងនៅក្នុងភូមិដ៏លំបាកមួយនេះបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង